កង់បេរ៉ា ៖ ប្រទេសអូស្ត្រាលីនឹងប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ អំឡុងខែកញ្ញា ខាងមុខ នេះបើយោងតាមការបញ្ជាក់ផ្ទាល់ ពីលោកនាយករដ្ឋមន្ត្រី Anthony Albanese នៅថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥។
ទីភ្នាក់ងារព័ត៌មាន BBC បានចុះផ្សាយថា ការប្រកាសទទួលស្គាល់នេះ ដើម្បីគាំទ្ររដ្ឋប៉ាឡេស្ទីន និងដំណោះស្រាយរដ្ឋពីរ នៅក្នុងសង្គ្រាម ជាមួយអ៊ីស្រាអែល។ លោក Albanese បាននិយាយថា លោកបានពិគ្រោះ ជាមួយមេដឹកនាំ អង់គ្លេស បារាំង នូវែលសេឡង់ កាណាដា និង ជប៉ុន មុនពេល សម្រេចចិត្តធ្វើបែបនេះ។
លោក Albanese បានលើកឡើងទៀតថា ការសម្រេចចិត្តនេះ ធ្វើឡើងតាម «ការប្តេជ្ញាចិត្ត របស់អាជ្ញាធរប៉ាឡេស្ទីន» ដែលព្រមព្រៀងថា ក្រុមហាម៉ាស នឹងមិនមានតួនាទី នៅក្នុងរដ្ឋប៉ាឡេស្ទីន នាពេលអនាគត នោះទេ។ លោកបានបន្ថែមថា «ដំណោះស្រាយ រដ្ឋពីរ គឺជាក្តីសង្ឃឹមដ៏ល្អបំផុតរបស់មនុស្សជាតិ ក្នុងការបំបែកវដ្តនៃអំពើហិង្សានៅមជ្ឈិមបូព៌ា និងបញ្ចប់ការរងទុក្ខវេទនា និងការស្រេកឃ្លាននៅហ្គាហ្សា»។
ចំណាត់ការនេះ បង្ហាញពីការផ្លាស់ប្តូរជំហរការទូត កាន់តែទូលំទូលាយ ក្នុងចំណោមប្រទេសលោកខាងលិច ឆ្ពោះទៅរកការគាបសង្កត់ អ៊ីស្រាអែល ឲ្យទទួលយកកិច្ចព្រមព្រៀងសន្តិភាព។
យ៉ាងណា អ៊ីស្រាអែល តែងតែចោទថា ប្រទេសដែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីន គឺជា «រង្វាន់សម្រាប់ អំពើភេរវកម្ម»៕
ប្រភពពី BBC
Leave a Reply