សម រង្ស៊ី មិនត្រឹមតែជាជនក្បត់ជាតិទេ តែក៏មិនសមជាខ្មែរដែរ!

រហូតមកទល់ពេលនេះ ពាក្យថា «ជនក្បត់ជាតិ ៣ជំនាន់» គឺជារហ័សនាមដ៏ស័ក្តិសមបំផុតសម្រាប់ហៅបុគ្គល សម រង្ស៊ី ដោយសារតែគ្រប់សកម្មភាពរបស់បុគ្គលរូបនេះ មានគោលដៅបំផ្លាញផលប្រយោជន៍ជាតិជារៀងរហូតមក។ ឥឡូវនេះ សម្តីរបស់ សម រង្ស៊ី ដែលអួតសរសើរទាហានថៃថាបាញ់ត្រង់ចំគោលដៅកងទ័ពកម្ពុជា ហើយបង្អាប់កងទ័ពកម្ពុជាថា បាញ់មិនដឹងទិសតំបន់ ហើយធ្លាក់ចំតែលើគោលដៅជនស៊ីវិល ត្រូវបានមហាជនទូទៅថ្កោលទោស និងត្មះតិះដៀលយ៉ាងខ្លាំង។

ពាក្យសម្តីដែលដូចគ្នាបេះបិទទៅនឹងភាគីថៃនេះ ក៏ត្រូវបានលោក ហ៊ុន សែន ចោទសួរថា តើបុគ្គលសម រង្ស៊ី ជាមនុស្សឬមិនមែនជាមនុស្ស? មហាជនខ្មែរទូទៅក៏យល់ស្របថា សម រង្ស៊ី មិនត្រឹមតែជាជនក្បត់ជាតិទ តែក៏មិនសមជាមនុស្ស និងមិនមែនជាខ្មែរតែម្តង ពីព្រោះបុគ្គលរូបនេះភ្លេចជាតិកំណើត និងបានមើលងាយយ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិខ្លួនឯង ក្នុងកាលៈទេសៈដែលប្រទេសកំពុងរងការឈ្លានពានពីសត្រូវ។ ក្នុងស្ថានភាពបែបនេះ បើសិនជាអ្នកដែលមានមនសិការជាមនុស្ស ទោះតិចឬច្រើន ត្រូវតែចូលរួមចំណែកការពារជាតិ និងទឹកដីកំណើតរបស់ខ្លួន ដូចដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបាននិងកំពុងធ្វើ។ ប៉ុន្តែ ចម្លែកតែបុគ្គលក្បត់ជាតិ ៣ជំនាន់រូបនេះ ដែលបាននិងកំពុងបន្តធ្វើសកម្មភាពផ្ទុយពីខ្មែរទូទៅទាំងស្រុង។

ប្រជាពលរដ្ឋខ្មែរចងចាំបានយ៉ាងច្បាស់ថា ក្នុងមួយជីវិតនយោបាយរបស់ខ្លួនតាំងពីក្មេងដល់ចាស់ សម រង្ស៊ី មិនដែលបានធ្វើអ្វីជាផលប្រយោជន៍សម្រាប់ប្រទេសជាតិឡើយ ក្រៅតែពីដើរញុះញង់ អុជអាល និងមួលបង្កាច់មេដឹកនាំរដ្ឋាភិបាល។ កាលពីច្រើនទសវត្សរ៍មុន សម រង្ស៊ី ត្រូវបានគេប្រសិទ្ធនាមថាជា «ដង្ខៅបាតុកម្ម» ដែលដឹកនាំអ្នកគាំទ្រដើរតែធ្វើបាតុកម្ម វាយកម្ទេច ដុតបំផ្លាញ បង្កអំពើហិង្សាជាច្រើនធ្វើឱ្យប្រជាពលរដ្ឋរស់នៅខ្វះសេចក្តីសុខនិងសុវត្ថិភាព និងធ្វើឱ្យអ្នកវិនិយោគទុនភ័យខ្លាច ហើយរោងចក្រមួយចំនួនបានបិទទ្វារ។

បុគ្គល សម រង្ស៊ី ក៏ធ្លាប់ជាប់រហ័សនាមថាជាអ្នកនយោបាយពូកែរត់ដូចសត្វទន្សាយផងដែរ គឺរត់យករួចខ្លួន នៅក្រោយពេលបង្ករឿង ដោយទុកឱ្យកូនចៅដែលខំដើរតាមជាច្រើននាក់ជាប់ទោសទណ្ឌ ព្រោះតែបានប្រព្រឹត្តល្មើសច្បាប់តាមការញុះញង់របស់ខ្លួន ហើយទីបំផុត សម រង្ស៊ី រត់លែងអាចចូលស្រុកបានជារៀងរហូត ដោយសារតែសកម្មភាពល្មើសច្បាប់ម្តងហើយម្តងទៀតមិនព្រមរាងចាលបើទោះបីជាលោក ហ៊ុន សែន ធ្លាប់លើកលែងទោសមួយលើកជាពីរលើកក៏ដោយ។

ឥឡូវនេះ សម រង្ស៊ី បានធ្វើខ្លួនហួសពីជនក្បត់ជាតិទៅទៀត ពោលគឺមិនសមជាមនុស្សតែម្តង ហើយរឹតតែមិនសមជាខ្មែរ។ ច្បាប់ស្តីពីការដកហូតសញ្ជាតិគួរត្រូវបានពន្លឿន ហើយមនុស្សដំបូងគេដែលត្រូវប្រើច្បាប់ដកសញ្ជាតិ គឺបុគ្គល សម រង្ស៊ី នេះតែម្តង ពីព្រោះអ្វីៗបានបង្ហាញច្បាស់ហើយថា បុគ្គលនេះមិនមែនជាខ្មែរទេ។ ប្រវត្តិសាស្ត្រនឹងចារទុកបុគ្គលសម រង្ស៊ី នៅក្នុងក្រាំងមាសថា ជា «ជនក្បត់ជាតិ» និងត្រូវបានដកសញ្ជាតិដោយសារតែអំពើក្បត់ជាតិចូលដៃជាមួយសត្រូវឈ្លានពានដែលមិនសមមានសញ្ជាតិជាខ្មែរនោះឡើយ។