ឯកឧត្តម ហេង រតនា ប្រតិភូទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់(CMAC) នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានបង្ហាញលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់លោកដោយបង្ហាញអំណះអំណាងថា តាមការស្រាវជ្រាវនិងកំណត់តំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម ក្នុងសង្គ្រាមរយ:ពេល៥ថ្ងៃកន្លងទៅថ្មីៗនេះ ភាគីសៀមបានប្រើប្រាស់កាំភ្លើងធំ១១៥មម ជាមួយកូនគ្រាប់បែកចង្កោមប្រភេទM46 ដែលក្នុងគ្រាប់ផ្លោងមួយគ្រាប់មានកូនគ្រាប់បែកចង្កោមM46នេះចំនួន៥៦។
លោកអគ្គនាយកបានបង្ហាញពីគ្រោះថ្នាក់ដោយគ្រាប់បែកចង្កោមនេះថា “កូនគ្រាប់បែកចង្កោមដែលបាញ់ហើយមិនផ្ទុះ មានហានិភ័យខ្ពស់ណាស់ ដោយអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា។ គ្រាប់បែកចង្កោមទាំងនោះ អាចស្ថិតនៅលើដើមឈើ ឬលើដំបូលផ្ទះ ឬលើដី ឬក្នុងដី ឬក្នុងទឹកជាដើម”។
ជាមួយរូបភាពជាច្រើនសន្លឹក ឯកឧត្តម ហេង រតនា បានបន្ថែមថា កម្លាំងអង្គភាពស៊ីម៉ាក់បានរកឃើញគ្រាប់បែកខាងលើនេះនៅភូមិសាស្ត្រមួយចំនួន និងកំពុងតែមមាញឹកចុះស្រាវជ្រាវ ហ៊ុមព័ទ្ធដាក់ស្លាកសញ្ញា និងធ្វើការបោសសម្អាតផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋ។
ឯកឧត្តមអគ្គនាយកបានអំពាវដល់ប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយត្ន័ខ្ពស់នៅតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមនៅតាមភូមិឋានក្នុងស្រុកសំរោង ស្រុកបន្ទាយអំពិលនៃខេត្តឧត្តរមានជ័យ និងស្រុកជាំក្សាន្តនៃខេត្តព្រះវិហារ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ បានឃើញឬសង្ស័យគ្រាប់បែកចង្កោម ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមទាក់ទងមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់ ឬអាជ្ញាធរមូលដ្ឋាន ឬកងកម្លាំងនគរបាលជាតិនៅជិតបំផុត ដើម្បីជួយដោះស្រាយជូន។
សូមបញ្ជាក់ថា ច្បាប់អន្តរជាតិហាមប្រើប្រាស់គ្រាប់បែកចង្កោមបានចូលជាធរមាននៅឆ្នាំ២០១០ និងមានប្រទេសចំនួន១២៣ចូលរួមក្នុងអនុសញ្ញាអន្តរជាតិមួយនេះ។
ទាក់ទិននឹងការប្រើប្រាស់អាវុធប្រល័យដោយភាគីថៃនេះដែរ ផ្អែកតាមព័ត៌មានកំណត់ត្រានៅទិសខេត្តឧត្តរមានជ័យនេះ ការទម្លាក់គ្រាប់បែកពីយន្តហោះដោយភាគីថៃមានចំនួន១.៥៤៩គ្រាប់។ខណៈនេះអង្គភាពស៊ីម៉ាក់ កំពុងដំណើរការស្រាវជ្រាវ ដាក់ស្លាកសញ្ញានិងបោសម្អាតទីតាំងដែលរងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែក និងគ្រាប់កាំភ្លើងធំគ្រប់ប្រភេទ ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕
Leave a Reply