បរទេស ៖ មេដឹកនាំ ប្រទេសអ៊ុយក្រែន លោក Zelensky បាននិយាយ កាលពីថ្ងៃចន្ទ ទី១១ ខែសីហា ថា លោក Putin ប្រធានាធិបតីរុស្ស៊ី «មិនបានត្រៀមខ្លួន ចង់បញ្ចប់សង្គ្រាមនោះទេ»។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky មានប្រសាសន៍ថា រុស្ស៊ីបង្ហាញចេតនា មិនចង់បញ្ចប់សង្គ្រាមទេ ហើយជំនួសមកវិញ ជាមួយនឹងការត្រៀមលក្ខណៈ សម្រាប់ការវាយលុកថ្មី បើទោះបីជាកិច្ចខិតខំប្រឹងប្រែងការទូត កម្រិតអន្តរជាតិ កំពុងបន្ត ក៏ដោយ។
លោកប្រធានាធិបតី ក៏បានសង្កត់ធ្ងន់ថា អ៊ុយក្រែនបន្តជូនដំណឹងដល់ដៃគូអន្តរជាតិ អំពីស្ថានភាពជាក់ស្តែង នៅចំពោះមុខ ក៏ដូចជា អំពីកិច្ចខិតខំប្រឹងប្រែងការទូត របស់រុស្ស៊ី និង ផែនការសម្រាប់សកម្មភាព បន្ថែមទៀត។
គួរបញ្ជាក់ថា លោក Trump ប្រធានាធិបតីអាមេរិក និង លោក Putin គ្រោងនឹងបើកកិច្ចប្រជុំកំពូលមួយ នៅអាឡាស្កា នាថ្ងៃសុក្រនេះ ក្នុងគោលដៅ បញ្ឈប់ជម្លោះនេះ។ វានឹងក្លាយជាជំនួបដំបូង រវាងប្រធានាធិបតីអាមេរិក និងរុស្ស៊ី ចាប់តាំងពីលោក Joe Biden អតីតប្រធានាធិបតីអាមេរិក បានជួបជាមួយលោក Putin ក្នុងទីក្រុង ហ្សឺណែវ កាលពីខែមិថុនា ឆ្នាំ២០២១។
លោក Trump បានប្រាប់សន្និសីទសារព័ត៌មាន នៅសេតវិមាន កាលពីថ្ងៃចន្ទថា «ខ្ញុំនឹងនិយាយ ទៅកាន់លោក Putin ហើយខ្ញុំនឹងប្រាប់គាត់ថា «អ្នកត្រូវតែបញ្ចប់សង្រ្គាមនេះ»។
តែ ប្រធានាធិបតីអ៊ុយក្រែន ធ្លាប់បានព្រមាន កាលពីថ្ងៃសៅរ៍ថា «ការសម្រេចចិត្ត ដោយគ្មានអ៊ុយក្រែន» នឹងមិននាំមកនូវសន្តិភាពទេ ហើយ បានគូសបញ្ជាក់ច្បាស់ៗ ថា «ប្រជាជនរបស់ប្រទេសលោក នឹងមិនផ្តល់ដី របស់ពួកគេ ទៅឱ្យ រុស្ស៊ីកាន់កាប់ទេ»។
ជាមួយគ្នានេះ លោក Trump បាននិយាយថា លោកមាន «ការរំខានតិចតួច» ចំពោះជំហររបស់ លោក Zelensky លើសម្បទានទឹកដី ហើយបានទទូចថា ការដោះដូរដី នឹងកើតឡើង៕
ប្រភពពី AFP
Leave a Reply