មហាសេដ្ឋី Elon Musk ស្នើសុំលក់អគ្គិសនី ឲ្យប្រជាជនអង់គ្លេស

បរទេស ៖ ក្រុមហ៊ុនរថយន្តអគ្គិសនី និង ថាមពល Tesla របស់លោកមហាសេដ្ឋី Elon Musk បានដាក់ពាក្យ សុំអាជ្ញាប័ណ្ណ ផ្គត់ផ្គង់ថាមពលអគ្គិសនី ដល់គេហដ្ឋាន របស់ប្រជាជនអង់គ្លេស។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃទី១១ ខែសីហា បានឲ្យដឹងថា ប្រសិនបើត្រូវបានអនុម័ត នោះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុន Tesla ទទួលយកអាជីវកម្មធំៗ ដែលគ្រប់គ្រងទីផ្សារថាមពល ដើម្បីផ្គត់ផ្គង់អគ្គិសនី ដល់គ្រួសារ និង អាជីវកម្ម នៅក្នុងប្រទេសអង់គ្លេស ស្កុតឡែន និងវេលស៍ យ៉ាងយូរ នៅឆ្នាំក្រោយ។

យ៉ាងណា Tesla មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើរបស់ ទីភ្នាក់ងារព័ត៌មាន BBC ដែលសុំការធ្វើអត្ថាធិប្បាយ នោះទេ។
ប៉ុន្តែ បើតាមទីភ្នាក់ងារឃ្លាំមើលថាមពលអង់គ្លេស Ofgem បានឲ្យដឹងថា អាចចំណាយពេល រហូតដល់ ៩ខែ ដើម្បីដំណើរការលើ ការផ្តល់អាជ្ញាប័ណ្ណផ្គត់ផ្គង់ថាមពល។

Tesla ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតមួយ របស់ពិភពលោក ក៏មានអាជីវកម្មលើថាមពលពន្លឺព្រះអាទិត្យ និង ថាមពលថ្ម ផងដែរ។ ក្រុមហ៊ុន Tesla បានលក់រថយន្ត EVs ច្រើនជាង មួយភាគបួន នៃ រថយន្ត EVs និង លក់អាគុយ សម្រាប់ស្តុកទុក ក្នុងផ្ទះ រាប់ម៉ឺនគ្រឿង នៅក្នុងចក្រភពអង់គ្លេស ដែលអាចជួយឱ្យក្រុមហ៊ុននេះ ទទួលបានមូលដ្ឋានអតិថិជនទំហំធំ សម្រាប់អាជីវកម្មផ្គត់ផ្គង់ អគ្គិសនី នាពេលអនាគត៕

ប្រភពពពី BBC