ហ្សាការតា ៖ ប្រទេសឥណ្ឌូណេស៊ីបានពង្រីកសាច់ដុំយោធាដ៏ធំបំផុតមិនធ្លាប់មានក្នុងពេលជាច្រើនទស្សវត្សន៍ តាមរយៈការបង្កើតបញ្ជាការតំបន់ថ្មីជាង ២០ទីតាំង រួមមានបញ្ជាការកងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពអាកាស ព្រមជាមួយការជះលុយទៅលើវិស័យការពារជាតិដល់ទៅ ១៩,៥ពាន់លានដុល្លារ កើនឡើង ៥០ភាគរយសម្រាប់ឆ្នាំ២០២៥ នេះបើតាមការប្រកាសរបស់ក្រសួងហិរញ្ញវត្ថឥណ្ឌូណេស៊ី។
សារព័ត៌មាន The Strait Times បានចុះផ្សាយនៅថ្ងៃទី១១ ខែសីហាថា កងទ័ពជើងគោកឥណ្ឌូណេស៊ីនឹងទទួលបានអង្គភាពថ្មីចំនួន ៦ នៅក្នុងតំបន់យុទ្ធសាស្ត្រ កងទ័ពជើងទឹកទទួលបានបញ្ជាការថ្មីបន្ថែមចំនួន១៤ និងកងទ័ពអាកាសទទួលបានបញ្ជាការថ្មីបន្ថែមចំនួន៣។ យោធាឥណ្ឌូណេស៊ីបាននិយាយថា ចំណាត់ការនេះ នឹងជួយពង្រឹងសន្តិសុខនៅតាមព្រំដែន និងតំបន់ដែលងាយមានជម្លោះ។
ជាមួយគ្នានេះ លោកប្រធានាធិបតីឥណ្ឌូណេស៊ី Prabowo Subianto បានគូសបញ្ជាក់ថា បច្ចុប្បន្ន ពិភពលោកពោរពេញដោយភាពមិនប្រាកដប្រជា ហើយទោះបីជាយើងមិនចូលចិត្តសង្គ្រាមក៏ដោយ ក៏សង្គ្រាមកំពុងកើតឡើងនៅគ្រប់ទីកន្លែង។
លោកប្រធានាធិបតី Prabowo បន្ថែមថា ឥណ្ឌូណេស៊ីមិនចង់លូកដៃចូលក្នុងសង្គ្រាមទេ ប៉ុន្តែដោយសារតែពិភពលោកកំពុងមានអស្ថិរភាព ដូច្នេះខ្លួនគ្មានជម្រើសផ្សេងទៀតទេ គឺឥណ្ឌូណេស៊ីត្រូវតែមានការការពារខ្លាំងក្លាបំផុត។
គួរកត់សម្គាល់ ការពង្រីកសាច់ដុំយោធានេះ បានគូសបញ្ជាក់ពីការបង្កើនឥទ្ធិពលយោធាដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ស្ថិតក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Prabowo ដែលបានចូលកាន់តំណែងក្នុងឆ្នាំ២០២៤។ ហើយការបង្កើនកញ្ចប់ថវិការការពារជាតិខ្ពស់ជាងមុន នឹងត្រូវប្រើប្រាស់សម្រាប់ការធ្វើទំនើបកម្មឧបករណ៍ការពារជាតិ និងហេដ្ឋារចនាសម្ព័ន្ធយោធារបស់ប្រទេសឥណ្ឌូណេស៊ី៕
ប្រភព ៖ The Strait Times
Leave a Reply