ម៉ានីល ៖ កងទ័ពអូស្ត្រាលី និងហ្វីលីពីនបានបាញ់គ្រាប់ពិត អំឡុងសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតមានឈ្មោះថា “Alon” ឬមានន័យថា “រលក” ដែលមានការចូលរួមពីកងទ័ពជាង ៣.៦០០នាក់ នៅក្នុងខេត្តមួយភាគខាងជើងនៃទីក្រុងម៉ានីល។
មេទ័ពហ្វីលីពីន លោកឧត្តមសេនីយឯក Antonio Nafarrete បាននិយាយថា សេណារីយ៉ូនៃសមយុទ្ធនេះ គឺការប្រឆាំងនឹងការវាយលុកលើកងកម្លាំងជើងគោក។ លោកបន្តថា ហ្វីលីពីន-អូស្ត្រាលីមានឧបករណ៍យោធាផ្សេងៗគ្នា ដែលបម្រើដល់អន្តរប្រតិបត្តិការ ក្នុងការធ្វើផែនការ និង ប្រតិបត្តិការសេណារីយ៉ូរួមគ្នា។
មេបញ្ជាការកងវរសេនាតូចទី 8/9 នៃកងពលតូចទី 7 មកពីកងវរសេនាធំអូស្ត្រាលី លោក Andrew Raven និយាយថា លទ្ធផលហ្វឹកហ្វឺនដ៏សំខាន់នេះ
បង្ហាថា អូស្ត្រាលីអាចដាក់ពង្រាយកងកម្លាំងដែលត្រៀមប្រយុទ្ធ និងមានសមត្ថភាពប្រយុទ្ធនៅក្នុងតំបន់ជាដៃគូដ៏សំខាន់ មានដូចជាតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
លោកបន្ថែមថា យើងជាកងពលតូចដែលត្រៀមរួចជាស្រេចរបស់អូស្ត្រាលី ដូច្នេះបេសកកម្មចម្បងរបស់យើងគឺត្រៀមខ្លួន ដើម្បីដាក់ពង្រាយគ្រប់ទីកន្លែងទូទាំងតំបន់ ឬសូម្បីតែពិភពលោក ប្រសិនបើរដ្ឋាភិបាលមានតម្រូវការឆ្លើយតបជាមួយនឹងកម្លាំងយោធា។
ល្បែងសង្គ្រាមទ្រង់ទ្រាយធំនេះធ្វើឡើងបន្ទាប់ពីប្រមុខការពារជាតិទាំងពីរបាននិយាយថ្មីៗនេះថា ហ្វីលីពីន-អូស្ត្រាលីនឹងចុះហត្ថលេខាលើកតិកាសញ្ញាថ្មីមួយ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយោធារបស់ប្រទេសអាស៊ីអាគ្នេយ៍នេះ ខណៈដែលពួកគេស្វែងរកការប្រឆាំងនឹងសកម្មភាពឯកតោភាគីរបស់ចិននៅក្នុងតំបន់៕
Leave a Reply