បាក់ដីនៅថៃ មនុស្សស្លាប់បន្តកើនឡើង

បាងកក ៖ ចំនួនមនុស្សស្លាប់ ព្រោះការបាក់ដី នៅខេត្តឈៀងម៉ៃ ប្រទេសថៃ បានបន្តកើនឡើង ដល់ ចំនួន៤នាក់ហើយ គិតត្រឹមថ្ងៃទី២៨ ខែសីហា នេះ។

កាសែតថៃបានចុះផ្សាយថា លោក Siwakorn Buapong អភិបាលរងខេត្តឈៀងម៉ៃ បានដឹកនាំក្រុមការងារខេត្ត ទៅកាន់តំបន់រងគ្រោះ ដោយសារគ្រោះមហន្តរាយ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីវាយតម្លៃការខូចខាត និងត្រួតពិនិត្យ ជំនួយសម្រាប់អ្នកស្រុក ដែលរងផលប៉ះពាល់ ដោយសារគ្រោះមហន្តរាយនេះ។

ការបាក់ដី និងទឹកជំនន់ បានវាយលុកភូមិ ចំនួនពីរ នៅក្នុង ស្រុក Ban Pang Ung ដែលមានប្រជាពលរដ្ឋប្រហែល ៥០០គ្រួសារ និង ប្រជាពលរដ្ឋប្រហែល ២,០០០នាក់ ដោយបានវាយប្រហារ កាលពីយប់រំលងអធ្រាត ឈានចូលដល់ថ្ងៃទី២៧ ខែសីហា។

ជាការកត់សម្គាល់ កាលពីថ្ងៃទី២៥ ខែសីហា អាជ្ញាធរថៃ បានព្រមានថា ព្យុះទីហ្វុង កាជីគី បានគំរាម បង្កឲ្យមានទឹកជំនន់ និងបាក់ដី នៅក្នុងខេត្ត ចំនួន២៨។

ប្រទេសថៃ តែងតែជួបប្រទះនូវភ្លៀងមូសុងប្រចាំឆ្នាំ នៅចន្លោះខែឧសភា និងខែតុលា ប៉ុន្តែ អ្នកវិទ្យាសាស្ត្របាននិយាយថា ការប្រែប្រួលអាកាសធាតុ ដែលបង្កើតឡើងដោយមនុស្ស កំពុងបណ្តាលឱ្យមានគំរូអាកាសធាតុកាន់តែអាក្រក់ខ្លាំង ដែលអាចធ្វើឱ្យមានទឹកជំនន់បំផ្លិចបំផ្លាញ កាន់តែច្រើន។

ទឹកជំនន់ ថៃ កើតមានឡើង សឹងតែរាល់ឆ្នាំ ក្នុងនោះ កាលពីឆ្នាំ២០២១ ធ្លាប់បានផ្តាច់យកជីវិតមនុស្ស ជាង៥០០នាក់ និង បំផ្លាញផ្ទះសម្បែង អស់រាប់លានខ្នង និងផលដំណាំយ៉ាងតំណំ៕

ប្រភពពី The Nation, AFP