អ្នកនយោបាយស៊ុយអែត ថា ថៃ គ្មានប្រជាធិបតេយ្យ ហើយស្នើឲ្យបង្កកការលក់យន្តហោះចម្បាំង

ស្តុកខុល ៖ អ្នកនយោបាយស៊ុយអែត បានអះអាងថា ថៃ មិនមែនជាប្រទេសប្រជាធិបតេយ្យទេ ហើយ ថែមទាំងស្នើរដ្ឋាភិបាល បង្កកការលក់យន្តហោះចម្បាំង ឲ្យទៅរដ្ឋាភិបាលទីក្រុងបាងកក។

ទីភ្នាក់ងារព័ត៌មានស៊ុយអែត Dagens arena កាលពីថ្ងៃទី២៥ ខែសីហា បានចុះផ្សាយ អត្ថបទវិភាគមួយ របស់អ្នកនយោបាយ ពីររូប នៅប្រទេសស៊ុយអែត គឺ លោកស្រី Emma Nohrén សមាជិកសភា មកពីបក្ស Green Party និង លោក Jacob Risberg ជាអ្នកនាំពាក្យគណបក្សមួយនេះ ដូចគ្នា។

អ្នកនយោបាយទាំងពីរ បានអំពាវនាវឱ្យមានការរឹតបន្តឹងបន្ថែម និងត្រួតពិនិត្យឱ្យបានហ្មត់ចត់ លើលក្ខណៈវិនិច្ច័យ នៃការលក់យន្តហោះចម្បាំង ទៅឱ្យថៃ ដោយអះអាងពីសិទ្ធិមានសុវត្ថិភាព ដែលជាសិទ្ធិមនុស្ស ជាមូលដ្ឋាន។

ពួកគេអះអាងថា របបដឹកនាំ ក្នុងប្រទេសថៃ បានផ្លាស់ប្ដូរទៅវិញទៅមក រវាងរបបដឹកនាំដោយយោធាផ្ដាច់ការ និង រដ្ឋាភិបាលស៊ីវិល ទន់ខ្សោយ អស់ជាច្រើនទសវត្សរ៍មកហើយ។ ជាទូទៅ ប្រទេសនេះ ត្រូវបានគេទទួលស្គាល់ថា មិនមែនជាប្រទេសប្រជាធិបតេយ្យ នោះទេ ដូច្នេះ ការលក់យន្តហោះចម្បាំងទៅឱ្យប្រទេសដែលស្ថិតក្រោមឥទ្ធិពលយោធា យ៉ាងដូច្នេះ មានភាពវិជ្ជមានតិចតួចណាស់ ក្នុងការលើកកម្ពស់ស្ថិរភាព និងសន្តិភាព ក្នុងតំបន់។

ប្រភពគូសបញ្ជាក់ដែរថា ថៃបានប្រើយន្តហោះចម្បាំង Jas Gripen ដែលខ្លួនបានទិញពីស៊ុយអែត ជាលើកដំបូង លើទឹកដីកម្ពុជា។ មិនតែប៉ុណ្ណោះ ថៃក៏កំពុងមានចេតនា ទិញយន្តហោះចម្បាំងពីស៊ុយអែត ចំនួន១២គ្រឿង មកបន្ថែមពីលើ១០គ្រឿង ដែលថៃមាន ពោលគឺ ក្រោយពេលដែលត្រូវបានអាមេរិក បដិសេធ មិនលក់យន្តហោះចម្បាំង F35 ឲ្យ កាលពី ២ឆ្នាំមុន។ ថ្មីៗនេះ ស៊ុយអែតបានយល់ព្រមចុះកុងត្រាលក់យន្តហោះចម្បាំងចំនួន ៤ គ្រឿងបន្ថែម ទៅឱ្យថៃ រួចរាល់ហើយ។

យ៉ាងណា យន្តហោះចម្បាំង Gripen E បីគ្រឿង និង យន្តហោះ Gripen F មួយគ្រឿង មិនទាន់ផ្គត់ផ្គង់ ឲ្យថៃភ្លាមៗទេ ដោយ គ្រោងនឹងដឹកជញ្ជូនឲ្យ នៅចន្លោះ ឆ្នាំនេះ និង ឆ្នាំ២០៣០៕

ប្រភពពី Dagens arena