ចិនច្រានចោលការចរចារំសាយអាវុធនុយក្លេអ៊ែរជាមួយអាមេរិក និងរុស្ស៊ី

ប៉េកាំង ៖ ប្រទេសចិនបានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងមិនចូលរួមការចរចាស្តីពីរំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក និងរុស្ស៊ីឡើយ បន្ទាប់ពីលោកប្រធានាធិបតី Donald Trump និយាយថា លោកសង្ឃឹមថា នឹងរួមបញ្ចូលទីក្រុងប៉េកាំងទៅក្នុងការចរចា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Star។

លោកប្រធានាធិបតី Trump បានថ្លែងកាលពីថ្ងៃចន្ទថា អាមេរិកកំពុងព្យាយាមបន្តការលុបបំបាត់អាវុធនុយក្លេអ៊ែរជាមួយប្រទេសទាំងពីរ (ចិន-រុស្ស៊ី)។ លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានយ៉ាងដូច្នេះថា ខ្ញុំគិតថា ការរំសាយអាវុធនុយក្លេអ៊ែរ គឺជាគោលដៅធំមួយ។ ប៉ុន្តែលោកសង្ឃឹមថា រុស្ស៊ី និងចិន ក៏នឹងមានឆន្ទៈធ្វើបែបនេះផងដែរ។

មេដឹកនាំអាមេរិកវ័យ៧៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា យើងមិនអាចអនុញ្ញាតឱ្យអាវុធនុយក្លេអ៊ែររីកសាយបានទេ។ យើងត្រូវតែបញ្ឈប់អាវុធនុយក្លេអ៊ែរ។ រុស្ស៊ី-អាមេរិក ដែលជាអតីតគូប្រជែងសង្រ្គាមត្រជាក់ រ៉ាប់រងស្ទើរតែ ៩០ភាគរយនៃអាវុធនុយក្លេអ៊ែរនៅលើពិភពលោក ខណៈដែលទីក្រុងមូស្គូបានដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធដែលនៅសល់ចុងក្រោយជាមួយទីក្រុងវ៉ាស៊ីនតោនក្នុងឆ្នាំ ២០២៣។

នៅពេលត្រូវបានសាកសួរអំពីការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី Trump, អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយកាលពីថ្ងៃពុធថា វាជារឿងមិនសមហេតុផល ឬប្រាកដនិយមនោះឡើយ ដែលរំពឹងថា ប្រទេសចិននឹងចូលរួមការចរចារស្តីពីការរំសាយអាវុធនុយក្លេអ៊ែរត្រីភាគីជាមួយអាមេរិក និងរុស្ស៊ី។

លោក Guo បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ចិន និងអាមេរិកមិនស្ថិតនៅក្នុងកម្រិតដូចគ្នាទាល់តែសោះចំពោះសមត្ថភាពនុយក្លេអ៊ែរ និងថា បណ្តាប្រទេសដែលមានឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងគេ គួរតែគោរពតាមឱ្យខ្ជាប់ខ្ជួននូវការទទួលខុសត្រូវពិសេស និងចម្បងរបស់ពួកគេសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ។

ហើយស្របពេលជាមួយគ្នានេះ ប្រទេសចិនក៏ពេញចិត្តចំពោះការរំសាយអាវុធជាគោលការណ៍ផងដែរ ប៉ុន្តែច្រានចោលការអញ្ជើញរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមកិច្ចចរចារវាងអាមេរិក និងរុស្ស៊ី ស្តីពីការកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែររបស់ពួកគេ។

យោងតាមការប៉ាន់ប្រមាណឆ្នាំ២០២៤ របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm បានឱ្យដឹងថា អាមេរិកមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ៣.៧០៨គ្រាប់ និងរុស្ស៊ីចំនួន ៤.៣៨០ គ្រាប់ ដោយមិនរាប់បញ្ចូលក្បាលគ្រាប់ដែលចូលនិវត្តន៍។

វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បានរាយការណ៍កាលពីពេលថ្មីៗនេះថា ប្រទេសចិនទំនងជាបង្កើនក្បាលគ្រាប់អាវុធនុយក្លេអ៊ែររបស់ខ្លួនបាន ១០០គ្រាប់ថ្មីបន្ថែមទៀតនៅឆ្នាំ ២០២៤ ដែលនាំឲ្យចំនួនក្បាលគ្រាប់នុយក្លេអ៊ែរសរុបកើនឡើង ៦០០គ្រាប់។ យ៉ាងណា ទីក្រុងប៉េកាំងបានអះអាងថា ខ្លួនរក្សាកងកម្លាំងនុយក្លេអ៊ែរក្នុងកម្រិតអប្បបរមាដែលត្រូវការសម្រាប់សន្តិសុខជាតិ ហើយមិនចូលរួមក្នុងការប្រកួតប្រជែងអាវុធជាមួយប្រទេសណាមួយឡើយ៕

ប្រភព ៖ The Star