វិស័យអាកាសចរណ៍សកលស្នើដំឡើងអាយុចូលនិវត្តន៍អ្នកបើកយន្តហោះអន្តរជាតិពី ៦៥ ដល់ ៦៧ ឆ្នាំ

ស៊ីតថល ៖ ក្រុមតំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ពិភពលោក បានស្នើឱ្យទីភ្នាក់ងារអាកាសចរណ៍របស់អង្គការសហប្រជាជាតិ ដំឡើងអាយុចូលនិវត្តន៍អ្នកបើកយន្តហោះពាណិជ្ជកម្មពី ៦៥ឆ្នាំ ដល់ ៦៧ឆ្នាំ ដោយលើកហេតុផលពីតម្រូវការអាកាសយានិកទូទាំងពិភពលោក សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែសីហា។

អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ នៃអង្គការសហប្រជាជាតិ ហៅកាត់ (ICAO) នឹងពិចារណាលើសំណើនេះ ដែលអាចនឹងមានការជំទាស់ពីសហជីពអាកាសយានិកសំខាន់ៗរបស់សហរដ្ឋអាមេរិក អំឡុងកិច្ចប្រជុំមហាសន្និបាតរបស់ខ្លួនដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញា។

កន្លងមក ច្បាប់អន្តរជាតិហាមប្រាមអ្នកបើកយន្តហោះដែលមានអាយុលើសពី ៦៥ឆ្នាំមិនឱ្យហោះហើរអន្តរជាតិឡើយ ហើយប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិកក៏បានអនុវត្តច្បាប់ដូចគ្នាក្នុងស្រុកផងដែរ។

យ៉ាងណា សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ ហៅកាត់ (IATA) ដែលតំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ប្រហែល ៣៥០ក្រុមហ៊ុន បានលើកឡើងថា ការដំឡើងអាយុលើសកាលកំណត់ពីមុន ២ឆ្នាំទៀត គឺជាជំហានប្រុងប្រយ័ត្នមួយ ហើយក៏គួរតែសមហេតុផលស្របនឹងសុវត្ថិភាពផងដែរ។

សមាគម IATA បាននិយាយនៅក្នុងឯកសារការងារដែលចេញផ្សាយនៅលើគេហទំព័ររបស់អង្គការ ICAO ថា ការហោះហើរនីមួយៗនៅតែត្រូវការអ្នកបើកយន្តហោះចំនួនពីរនាក់ ក្នុងនោះមានម្នាក់អាយុក្រោម ៦៥ឆ្នាំ និងម្នាក់ទៀតមានអាយុលើសពី ៦៥ឆ្នាំ។

សូមរម្លឹកថា នៅឆ្នាំ ២០០៦ អង្គការ ICAO បានដកចេញនូវដែនកំណត់អាយុពី ៦០ ទៅ ៦៥ឆ្នាំ។ ប៉ុន្តែសហជីពអ្នកបើកយន្តហោះធំៗនៅសហរដ្ឋអាមេរិក បានប្រឆាំងនឹងអាយុចូលនិវត្តន៍ដែលខ្ពស់ជាងនេះ ដោយផ្អែកលើការព្រួយបារម្ភអំពីសុវត្ថិភាព៕

ប្រភព ៖ CNA