ឡុងដ៍ ៖ ចក្រភពអង់គ្លេសបានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសខ្លួនមកសួរនាំ កាលពីថ្ងៃព្រហស្បតិ៍ ក្រោយទីក្រុងមូស្គូបានវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនលើអ៊ុយក្រែន បណ្តាលឱ្យមនុស្ស ២១នាក់ស្លាប់ និង ខូចខាតអគារជាច្រើន រួមទាំងការិយាល័យក្រុមប្រឹក្សាអង់គ្លេស និងគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំទីក្រុងកៀវ។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បានបង្ហោះសារលើបណ្តាញសង្គម X ថា លោកប្រធានាធិបតីរុស្ស៊ី ការវាយប្រហាររបស់លោក Putin កាលពីយប់មិញ បានសម្លាប់ជនស៊ីវិល បំផ្លាញផ្ទះសម្បែង និងសំណង់អគារខូចខាតជាច្រើន រួមទាំងការិយាល័យក្រុមប្រឹក្សាអង់គ្លេស និងគណៈប្រតិភូសហភាពអឺរ៉ុបនៅទីក្រុងកៀវ។
បើតាមការអះអាងរបស់មន្ត្រីអ៊ុយក្រែន វាគឺជាការវាយប្រហារដ៏ធំបំផុតមួយក្នុងពេលប៉ុន្មានខែថ្មីៗនេះ ហើយក្រៅពីមនុស្សស្លាប់ ក៏មានមនុស្សយ៉ាងហោចណាស់ ៦៣ នាក់រងរបួសផងដែរ។ អំពើហិង្សាចុងក្រោយនេះ បានវាយប្រហារលើតំបន់លំនៅដ្ឋាន ក៏ដូចជាទីតាំងការទូត និងពាណិជ្ជកម្ម ធ្វើឱ្យខូចខាតដល់ការិយាល័យក្រុមប្រឹក្សាអង់គ្លេស គណៈប្រតិភូសហភាពអឺរ៉ុប សហគ្រាសតួកគី និងស្ថានទូតអាស៊ែបៃហ្សង់។
យោធាអ៊ុយក្រែននិយាយថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលចំនួន ៣១ គ្រាប់ និងវាយប្រហារដោយយន្តហោះដ្រូនជិត ៦០០ គ្រឿងនៅទូទាំងប្រទេសអ៊ុយក្រែន។ ជាការឆ្លើយតប ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា ការវាយប្រហាររបស់ខ្លួនបានកំណត់គោលដៅតែទៅលើឧស្សាហកម្មយោធា និងមូលដ្ឋានទ័ពអាកាសប៉ុណ្ណោះ ហើយបានច្រានចោលការចោទប្រកាន់ដែលថា ខ្លួនបានវាយប្រហារលើគោលដៅជនស៊ីវិល៕
ប្រភព ៖ AFP
Leave a Reply