អាមេរិកគ្រោងដាក់ពង្រាយប្រព័ន្ធមីស៊ីល Typhon នៅជប៉ុន

តូក្យូ ៖ មន្ត្រីជប៉ុន និងអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សមយុទ្ធយោធារួមគ្នារបស់សម្ព័ន្ធមិត្តទាំងពីរ នឹងរួមមានទាំងការដាក់ពង្រាយជាបណ្តោះអាសន្ននូវប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម “Typhon” នៅក្នុងប្រទេសជប៉ុន។

ប្រព័ន្ធ Typhon គឺជាផ្នែកមួយនៃការជំរុញរបស់សហរដ្ឋអាមេរិ​ក ដើដើម្បីដាក់ពង្រាយសព្វាវុធប្រឆាំងនឹងនាវា​ជាច្រើន​ប្រភេទ​នៅ​អាស៊ី។

អាវុធនេះបានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីប្រទេសចិន នៅពេលដាក់ពង្រាយជាលើកដំបូងនៅក្នុងប្រទេសហ្វីលីពីនក្នុងឆ្នាំ ២០២៤ អំឡុងសមយុទ្ធយោធាទ្រង់ទ្រាយធំ ដឹកនាំដោយទីក្រុងម៉ានីល។

អ្នកនាំពាក្យកងកម្លាំងការពារស្វ័យជើងគោកជប៉ុននិយាយថា ប្រព័ន្ធមីស៊ីល Typhon នឹងត្រូវដាក់ពង្រាយទៅកាន់ស្ថានីយអាកាសម៉ារីនអាមេរិក Iwakuni ដែលជាផ្នែកមួយនៃសមយុទ្ធមានឈ្មោះថា Resolute Dragon ក្នុងគោលបំណងបង្កើនការរារាំង សមត្ថភាពឆ្លើយតប និងប្រតិបត្តិការរួមបញ្ចូលគ្នា។

សមយុទ្ធ Resolute Dragon នឹងចាប់ផ្តើមពីថ្ងៃទី ១១ ដល់ទី២៥ ខែកញ្ញាខាងមុខ។ ហើយមីស៊ីលដែលអាមេរិកគ្រោងបាញ់សាកល្បងរួមមានកាំជ្រួច Tomahawk ដែលអាចបាញ់ចេញពីហ្វីលីពីនដល់គោលដៅទាំងក្នុងប្រទេសចិន និងរុស្ស៊ី និងកាំជ្រួច SM-6 ដែលអាចវាយប្រហារគោលដៅលើអាកាស ឬសមុទ្របានចម្ងាយជាង ២០០ គីឡូម៉ែត្រ៕

ប្រភព ៖ The straits times