រុស្ស៊ីប្រើមីស៊ីលលឿនជាងសំឡេងវាយប្រហារអ៊ុយក្រែន

មូស្គូ ៖ ប្រទេសរុស្ស៊ីបានប្រកាសអះអាងពីការប្រើប្រាស់មីស៊ីលលឿនជាងសំលេងរយៈចម្ងាយឆ្ងាយវាយប្រហារគោលដៅយោធារបស់អ៊ុយក្រែន។

ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អំឡុងប្រតិបត្តិការនេះ រុស្ស៊ីបានវាយប្រហារលើរោងចក្រសព្វាវុធ និងព្រលានយន្តហោះរបស់អ៊ុយក្រែនជាច្រើន។

ចំណែកខាងយោធាអ៊ុយក្រែនបាននិយាយថា ខ្លួនបានស្ទាក់ចាប់យន្តហោះដ្រូន និងមីស៊ីលរុស្ស៊ីភាគច្រើនដែលហោះចូលមក ប៉ុន្តែបានទទួលស្គាល់ថា ទីតាំងចំនួន ១៣កន្លែងបានរងការខូចខាតដោយសារថ្វីដៃរុស្ស៊ី។

ហើយការវាយប្រហារមួយរបស់រុស្ស៊ី ចំការិយាល័យរបស់ក្រុមហ៊ុនការពារជាតិ Ukrspecsystems។ បង្កើតឡើងក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុននេះជាទីតាំងផលិតយន្តហោះគ្មានមនុស្សបើក រួមទាំងដ្រូន PD-2 រយៈចម្ងាយឆ្ងាយ ដែលអ៊ុយក្រែនប្រើវាយប្រហារទីតាំងជ្រៅៗនៅក្នុងទឹកដីរុស្ស៊ី រួមទាំងទីក្រុងមូស្គូផងដែរ។

ការវាយប្រហារដោយមីស៊ីលលឿនជាងសំលេងរបស់រុស្ស៊ីកើតឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានរាយការណ៍ពីការបាញ់សាកល្បងកាំជ្រួចបញ្ជាទិស មានឈ្មោះថា Flamingo ដែលមានរយៈចម្ងាយប្រហែល ៣.០០០ គីឡូម៉ែត្រ និងអាចផ្ទុកក្បាលគ្រាប់បានរហូតដល់ ១.០០០ គីឡូក្រាម៕

ប្រភព ៖ AFP