(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណប្អូនប្រុស អុិន ប៊ុនរតនៈ ចំពោះរូបគំនូរ ដ៏ស្អាតនិងមានអត្ថន័យមួយនេះ ដែលតំណាងអោយស្មារតីរួបរួមជាតិខ្មែរក្នុងបុព្វហេតុជាតិ និងប្រជាជន។
សម្តេចធិបតីបានបញ្ជាក់នាយប់ថ្ងៃទី២៩សីហា ថា ក្នុងរូបគំនូរនេះ គឺមានរូបកងទ័ពឈរជាជួរបែរខ្នងមកខ្ញុំ រូបខ្ញុំដែលកំពុងឈរកាន់ឯកសារក្រោយចរចារបទឈប់បាញ់ ហើយបែរខ្នងទៅកងទ័ព និងមានរូបប្រជាពលរដ្ឋខ្មែរជាច្រើនពេញផ្ទៃគំនូរ ។
ប្អូនប្រុស រតនៈ បានប្រាប់ភរិយាខ្ញុំ អំពីអត្ថន័យនៃរូបគំនូរនេះថា រូបប្រជាពលរដ្ឋជាច្រើនពេញផ្ទៃគំនូរ គឺតំណាងទឹកដី និងប្រជាជនខ្មែរនៅទូទាំងប្រទេស។
រូបកងទ័ពឈរជាជួរបែរខ្នងមកខ្ញុំ គឺតំណាងអោយវីរៈកងទ័ព និងវីរៈនគរបាលជាតិយើង ដែលពេលនោះ កំពុងប្រយុទ្ធនៅលើសមរភូមិ ក្នុងបុព្វហេតុការពារជាតិ ទឹកដី និងប្រជាជនរបស់យើង ។
ចំណែកឯរូបខ្ញុំ ដែលកំពុងឈរកាន់ឯកសារក្រោយចរចារបទឈប់បាញ់ នៅថ្ងៃ ២៨ កក្កដា ២០២៥ នៅប្រទេសម៉ាឡេស៊ី ហើយបែរខ្នងទៅកងទ័ព គឺតំណាងអោយរាជរដ្ឋាភិបាលដែលខិតខំស្វែងរកសន្តិភាព និងការពារអាយុជីវិតវីរៈកងទ័ពនិងប្រជាជន កុំអោយបន្តស្លាប់ដោយការប្រយុទ្ធគ្នា ដូចដែលបានកើតមានអស់រយៈពេល ៥ថ្ងៃ ៥យប់កន្លងទៅ (២៤-២៨ កក្កដា ២០២៥) ។
ខ្ញុំជឿជាក់ថា បងប្អូនប្រជាពលរដ្ឋយើងទូទាំងប្រទេស ប្រហែលជាអាចនៅចាំ អារម្មណ៍មួយនេះ ទោះជាការប្រយុទ្ធគ្នាបានបញ្ចប់រយៈមួយខែមកហើយ។ ខ្ញុំនៅចាំបានថា ថ្ងៃទី ២៨ កក្កដានោះ មានបងប្អូនខ្មែរយើងច្រើននាក់ណាស់ដែលមិនចូលគេង ដោយនៅចាំមើលថាតើម៉ោង ១២យប់នោះ ពិតជាឈប់បាញ់គ្នាមែនឬទេ? ហើយមានបងប្អូនខ្លះ ឆ្ងល់ដោយអន្ទះសារថា ហេតុអ្វីចាំបាច់ត្រូវចាំដល់ម៉ោង ១២យប់ បានឈប់បាញ់គ្នា។ ហេតុអ្វីមិនឈប់ភ្លាមទៅ នៅចាំដល់ណាទៀត ៕
Leave a Reply