លោក Xi Jinping ប្រាប់លោក Modi ថាជម្រើសដ៏ត្រឹមត្រូវសម្រាប់ឥណ្ឌា គឺធ្វើជាមិត្តជាមួយចិន

ប្រធានាធិបតីចិន លោក Xi Jinping បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសចិន និងឥណ្ឌា គឺជាអរិយធម៌ដ៏ចំណាស់ជាងគេបំផុតពីរនៅបូព៌ា និងជាសំឡេងសំខាន់នៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍសកលខាងត្បូង ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី Narendra Modi នៅក្រៅកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO)។

នាយករដ្ឋមន្ត្រី Modi ស្ថិតនៅក្នុងប្រទេសចិនជាលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល SCO រយៈពេលពីរថ្ងៃ ដែលរួមមានមេដឹកនាំមកពីប្រទេសរុស្ស៊ី អាស៊ីកណ្តាល អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ និងអាស៊ីខាងលិច ដែលឆ្លុះបញ្ចាំងពីរណសិរ្សរួបរួមនៃបណ្ដាប្រទេសកំពុងអភិវឌ្ឍសកលខាងត្បូង។

ប្រធានាធិបតីចិនបាននិយាយថា ចិន និងឥណ្ឌា គឺជាអរិយធម៌បុរាណពីរនៅបូព៌ា។ យើងជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោក ហើយយើងក៏ជាសមាជិកដ៏សំខាន់នៃបណ្ដាប្រទេសកំពុងអភិវឌ្ឍសកលខាងត្បូងផងដែរ។ យើងទាំងពីរមានទំនួលខុសត្រូវជាប្រវត្តិសាស្ត្រក្នុងការធ្វើអោយប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាជនទាំងពីរ លើកកម្ពស់សាមគ្គីភាព និងការស្តារឡើងវិញនៃប្រទេសកំពុងអភិវឌ្ឍន៍ និងការលើកកម្ពស់វឌ្ឍនភាពនៃសង្គមមនុស្ស។

ជំនួបទ្វេភាគីរវាងលោកនាយករដ្ឋមន្ត្រី Modi និងលោកប្រធានាធិបតី Xi Jinping បានកើតឡើងត្រឹមតែប្រាំថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិកបានដំឡើងពន្ធ ៥០% លើទំនិញឥណ្ឌា ជុំវិញការបន្តនាំចូលប្រេងពីរុស្ស៊ីរបស់ទីក្រុង New Delhi ៕