ប្រធានាធិបតីចិនប្រកាសផ្ដល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បីគាំទ្រដល់ការកសាងឡើងវិញ និងការស្ដាយជីវភាពសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃ

ប្រធានាធិបតីចិនប្រកាសផ្ដល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បីគាំទ្រដល់ការកសាងឡើងវិញ និងការស្ដាយជីវភាពសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃ

ស្របគ្នានឹងការប្រកាសគាំទ្រកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ និងគាំទ្រឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ឱ្យបានឆាប់រហ័ស ឯកឧត្តមស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានប្រកាសផ្ដល់ជំនួយមនុស្សធម៌ ដល់កម្ពុជា ដើម្បីគាំទ្រដល់ការកសាងឡើងវិញ និងការស្ដារជីវភាព​សហគមន៍​ដែលរង​ផល​ប៉ះ​ពាល់​ដោយ​ជម្លោះប្រដាប់អាវុធនាពេលថ្មីៗនេះ ។ នេះបើតាមសេចក្ដី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និង​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​ក្រោយ​ជំនួប​សម្ដែងការគួរសមជាមួយឯកឧត្តមស៊ី ជីនពីង ប្រធានាធិបតីចិន សម្ដេចមហាបរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួនាទីដ៏សំខាន់ និងប្រកបដោយការស្ថាបនារបស់ប្រទេសចិន ក្នុងការសម្របសម្រួលកិច្ចសន្ទនារវាងកម្ពុជា និងថៃ ដើម្បីដោះស្រាយស្ថានការណ៍ព្រំដែនដោយសន្តិវិធី ។

សម្ដេចធិបតីក៏បានបញ្ជាក់ថា ការគាំទ្រឥតងាករេរបស់ប្រទេសចិន ដល់ការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងបទឈប់បាញ់ យន្តការត្រួតពិនិត្យរបស់អាស៊ានដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី និងកា​របង្កើត​ក្រុម​អ្នក​សង្កេត​ការណ៍អាស៊ាន ឱ្យបានឆាប់រហ័ស គឺជាការចាំបាច់មិនអាចខ្វះបាន ក្នុងការ​ស្ដារ​សន្តិ​ភាពស្ថិរភាព និងប្រក្រតីភាពនៅតាមព្រំដែន ។

សម្ដេចធិបតី ក៏បានថ្លែងអំណរគុណផងដែរ ដល់ប្រធានាធិបតីចិន សម្រាប់​ជំនួ​យ​មនុ​ស្ស​ធម៌ដ៏សប្បុរស ដែលមានសារៈ​សំខាន់​ក្នុង​ការ​ក​សាង​ឡើង​វិញ​នូវ​សហគ​មន៍​ដែ​លរងការខូចខាតដោយសារជម្លោះប្រដាប់អាវុធ និង​សម្រួ​ល​ទុក្ខ​លំបាក​របស់​ប្រ​ជាជននៅមូលដ្ឋានតំបន់រងផលប៉ះពាល់ ៕