ហ្វូងបាតុករថៃ ប្រមូលផ្តុំតវ៉ាប្រឆាំងលោក ថាក់ស៊ីន និងជំទាស់លោក ឆៃក្សេម មិនឱ្យធ្វើនាយករដ្ឋមន្ត្រីថ្មី

ក្រុមអ្នកតវ៉ានៅប្រទេសថៃ បានប្រមូលផ្តុំគ្នាយ៉ាងកុះករនៅវិមានជ័យជម្នះក្នុងទីក្រុងបាងកក ក្រោមវត្តមាននគរបាល និងសន្តិសុខយ៉ាងតឹងរ៉ឹង កាលពីថ្ងៃអាទិត្យ (៣១ សីហា) ដើម្បីសម្ដែងការប្រឆាំងយ៉ាងខ្លាំងក្លារបស់ពួកគេ ទល់នឹងរបបដឹកនាំដ៏ចម្រូងចម្រាសរបស់លោកអតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ និងបានបដិសេធបេក្ខភាព លោក ឆៃក្សេម និទីស៊ិរិ (Chaikasem Nitisiri) មកពីគណបក្សភឿថៃ មិនឱ្យធ្វើជានាយករដ្ឋមន្ត្រីថ្មីនោះឡើយ។

មេដឹកនាំបាតុកម្មនោះរួមមានលោក Jatuporn Prompan អតីតមេដឹកនាំក្រុមអាវក្រហមដែលបានប្រែក្លាយអ្នករិះគន់ខ្លាំងៗលើលោក ថាក់ស៊ីន ព្រមទាំងសកម្មជនជាច្រើនរូបទៀត ហើយបាតុកម្មនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ «បំផ្លាញរបប ថាក់ស៊ីន»។

ដំបូងឡើយ ក្រុមអ្នកតវ៉ាបានកាន់កាប់ផ្នែកតូចមួយប៉ុណ្ណោះនៃផ្លូវថ្នល់នៅពីមុខវេទិកាតវ៉ា ប៉ុន្តែក្រោយមកនៅពេលរសៀល ហ្វូងមនុស្សបានកើនឡើងយ៉ាងកុះករ ហើយក្រុមមន្រ្តីរាយការណ៍ថា រង្វង់មូលដែលតភ្ជាប់ខ្សែផ្លូវធំៗចំនួន៤ នៅទីតាំងវិមានជ័យជម្នះនោះ មិនអាចឆ្លងកាត់បានទេដោយសារវត្តមានបាតុករច្រើនខ្លាំងពេក ស្រដៀងទៅនឹងបាតុកម្មមុនៗដែរ៕