អ្នកទេសចរបរទេសទៅលេងប្រទេសថៃ ធ្លាក់ចុះយ៉ាងគំហុក ក្នុងពេល ៨ខែដំបូងនៃឆ្នាំ២០២៥នេះ

អ្នកទេសចរបរទេសទៅលេងប្រទេសថៃ ធ្លាក់ចុះយ៉ាងគំហុក ក្នុងពេល ៨ខែដំបូងនៃឆ្នាំ២០២៥នេះ

ក្រសួងទេសចរណ៍ថៃ បាននិយាយកាលពីថ្ងៃអង្គារ (២ កញ្ញា) សប្ដាហ៍នេះថា ការមកដល់របស់ភ្ញៀវទេសចរបរទេសទៅលេងប្រទេសថៃ ក្នុងឆ្នាំ២០២៥នេះ ពីខែមករា រហូតដល់ចុងខែសីហា កន្លងទៅ បានធ្លាក់ចុះយ៉ាងគំហុកក្នុងអត្រា ៧,១៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថៃមើលឃើញមានភ្ញៀវទេសចរបរទេសចំនួន ២១,៩លាននាក់ ក្នុងអំឡុងពេលនោះ ដោយប្រទេសចិនគឺជាប្រភពទីផ្សារដ៏ធំបំផុត ជាមួយនឹងអ្នកដំណើរចូលទៅថៃចំនួន ៣,១លាននាក់។

កាលពីខែសីហា ទីភ្នាក់ងាររៀបចំផែនការរដ្ឋ បានកាត់បន្ថយការព្យាកររបស់ខ្លួនសម្រាប់ការមកដល់នៃភ្ញៀវទេសចរបរទេសនៅឆ្នាំនេះ មកត្រឹម ៣៣លាននាក់ ពីតួលេខ ៣៧លាននាក់ពីមុន ដែលជាការវាយប្រហារដ៏ធំមួយផ្សេងទៀតដល់សេដ្ឋកិច្ចដ៏ត្រដាបត្រដួសរបស់ខ្លួន។

វិស័យទេសចរណ៍ ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ មានចំនួន ១៤,៧១% នៃផលិតផលក្នុងស្រុកសរុប និង ១១,៩៨% នៃការងារនៅក្នុងទិន្នន័យឆ្នាំ២០២៤ ហើយការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនភ្ញៀវទេសចរបរទេសបែបនេះ បានបង្កជាក្ដីកង្វល់កាន់តែធំបន្ថែមទៀតទៅលើសេដ្ឋកិច្ចរបស់ប្រទេសថៃ ដែលកំពុងតែជួបការលំបាកស្រាប់ទៅហើយនៅក្នុងឆ្នាំនេះ៕