រុស្ស៊ីហាមលោកខាងលិច មិនឲ្យធានាសន្តិសុខដល់អ៊ុយក្រែន

មូស្គូ ៖ វិមានក្រឹមឡាំងរបស់រុស្ស៊ី នៅថ្ងៃសុក្រទី៥ ខែកញ្ញា នេះ បានប្រកាសហាម មិនឲ្យលោកខាងលិច ផ្តល់ការធានាសន្តិសុខ ដល់ប្រទេសអ៊ុយក្រែន ក្នុងពេលដែលការចរចាសន្តិភាព ហាក់តានតឹង។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ រុស្ស៊ី RIA Novosti បានចុះផ្សាយ ដោយបានដកស្រង់ សម្តីរបស់
អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង បាននិយាយ ថា បណ្តាប្រទេសលោកខាងលិច “មិនអាច” ផ្តល់ការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន។

អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី លោក Dmitry Peskov បានប្រាប់ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti ថា «តើបរទេស ជាពិសេស យោធាអឺរ៉ុប និងអាមេរិក អាចផ្តល់ និងធានាសន្តិសុខសម្រាប់អ៊ុយក្រែនបានទេ? នេះមិនអាចជាការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន ដែលបង្ហាញពីភាព មិនស័ក្តិសម ចំពោះប្រទេស របស់យើងទេ»។

ក្នុងដំណើរការ ចរចាស្វែងរកសន្តិភាព បញ្ចប់សង្គ្រាម នៅអ៊ុយក្រែន ជាង៣ឆ្នាំ លោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជួបទាំងលោក ពូទីន និង លោក Zelensky លើទឹកដីអាមេរិក កាលពីខែសីហា។ ប៉ុន្តែ មិនដល់ពេលនេះ ពុំទាន់មានតម្រុយណាមួយ ច្បាស់លាស់ ឈានដល់បទឈប់បាញ់ ឬ បញ្ចប់សង្គ្រាម នៅឡើយទេ។

យ៉ាងណា លោក ត្រាំ បានព្រមានថា រុស្ស៊ីនឹងរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធំ ពុំធ្លាប់មាន បើមិនព្រមជំរុញដំណើរការ ឈានដល់ការបញ្ចប់សង្គ្រាម ទេនោះ។

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ថា លោកនឹងចរចាជាមួយ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ជាថ្មីទៀត ក្នុងពេលឆាប់ៗនេះ៕

ប្រភពពី AFP