លោកTrump ចេញការព្រមានចុងក្រោយដល់ក្រុមហាម៉ាស ឲ្យទទួលយកកិច្ចព្រមព្រៀងចំណាប់ខ្មាំង

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃអាទិត្យ ៧ កញ្ញា បានចេញនូវអ្វីដែលលោកហៅថាការព្រមានចុងក្រោយ ទៅកាន់ក្រុមហាម៉ាស ដោយជំរុញឱ្យក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ ទទួលយកកិច្ចព្រមព្រៀងដើម្បីដោះលែងចំណាប់ខ្មាំងចេញពីដែនដីហ្កាហ្សា។

លោក Trump បាននិយាយក្នុងការបង្ហោះនៅលើវេទិកាសង្គម Truth Social របស់លោកថាប្រជាជនអ៊ីស្រាអែល បានទទួលយកលក្ខខណ្ឌរបស់លោករួចហើយ និងដល់ពេលសម្រាប់ក្រុមហាម៉ាសត្រូវទទួលយកដែរ។

លោកបានព្រមានក្រុមហាម៉ាស អំពីផលវិបាកនៃការមិនទទួលយក។ នេះគឺជាការព្រមានចុងក្រោយរបស់លោក ហើយនឹងមិនមានមួយផ្សេងទៀតទេ។

ក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅពេលក្រោយថា ខ្លួនបានទទួលគំនិតមួយចំនួនពីភាគីរបស់សហរដ្ឋអាមេរិកតាមរយៈក្រុមអ្នកសម្របសម្រួលដើម្បីឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្កាហ្សា។

ក្រុមនេះបាននិយាយថា ខ្លួនកំពុងពិភាក្សាជាមួយក្រុមអ្នកសម្របសម្រួលពីវិធីក្នុងការអភិវឌ្ឍគំនិតទាំងនោះ ដោយពុំបានផ្តល់ព័ត៌មានជាក់លាក់។

ក្រុមហាម៉ាស ក៏បានរំលឹកឡើងវិញផងដែរនូវការត្រៀមរបស់ខ្លួនសម្រាប់ការចរចាដើម្បីដោះលែងចំណាប់ខ្មាំងទាំងអស់ជាថ្នូរនឹងការប្រកាសច្បាស់លាស់នៃការបញ្ចប់សង្គ្រាម និងការដកកងកម្លាំងអ៊ីស្រាអែលទាំងស្រុងចេញពីដែនដីរងការឡោមព័ទ្ធមួយនេះ៕