(ភ្នំពេញ)៖ ក្នុងសេចក្ដីថ្លែងការណ៍រួមសារព័ត៌មាន ក្រោយបញ្ចប់ជួបពិភាក្សាទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីហ្វីលីពីន នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជាថ្មីទៅកាន់ប្រធានាធិបតីហ្វីលីពីន ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះ ហ្វីលីពីន ដែលនឹងទទួលជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំក្រោយ។ សម្ដេចធិបតី បានអះអាងថា កម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការចូលរួម ដើម្បីពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន ។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ដ្រីកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា ផ្ដល់សារៈសំខាន់ ចំពោះទំនាក់ទំនងយូរអង្វែងជាមួយហ្វីលីពីន ដោយឈរលើមូលដ្ឋាននៃគោលការណ៍គោរពគ្នទៅវិញទៅមក និងផលប្រយោជន៍រួម។ រយៈពេលជាច្រើនឆ្នាំកន្លងមក ភាពជាដៃគូនៃប្រទេសយើងទាំងពីរ បានរីកចម្រើនលើគ្រប់វិស័យ រួមមាន៖ វិស័យការពារជាតិ និងសន្តិសុខ, ពាណិជ្ជកម្ម និងវិនិយោគ, កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា កម្ពុជា សូមអរគុណសហគមន៍ហ្វីលីពីន នៅកម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃប្រទេសយើងទាំងពីរ។ កម្ពុជា សូមស្វាគមន៍ប្រជាជនហ្វីលីពីនកាន់តែច្រើន អញ្ជើញចូលមកកម្ពុជា ក្នុងនាមជាភ្ញៀវទេសចរជាវិនិយោគិន និងដៃគូអាជីវកម្ម ។
ឯកឧត្តមប្រធានាធិបតីហ្វីលីពីន បានលើកឡើងថា នៅក្នុងកិច្ចប្រជុំជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត បានពិភាក្សាលើវិស័យជាច្រើន ថា តើប្រទេសហ្វីលីពីន និង កម្ពុជា អាចកែលម្អរួមគ្នាក្នុងរបៀបមួយ ដែលប្រកបដោយអត្ថន័យ ដើម្បីកែលម្អប្រជាជនទាំងពីរ។ ហ្វីលីពីន និងកម្ពុជា ទទួលស្គាល់ថា កំណើន និងភាពរឹងមាំរបស់សេដ្ឋកិច្ចយើង ពឹងផ្អែកទៅលើកិច្ចសហប្រតិបត្តិការ បន្ថែមលើវិស័យពាណិជ្ជកម្ម កសិកម្ម ថាមពលកកើតឡើងថ្មី និងសេដ្ឋកិច្ចឌីជីថល។
ឯកឧត្តមប្រធានាធិបតី បន្ថែមថា នៅក្នុងស្មារតីនេះ ប្រទេសពីរ បានឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការអនុវត្តច្បាប់រវាងស្ថាប័នសន្តិសុខប្រទេសទាំងពីរ ដើម្បីការឆ្លើយតបរួម គឺមានលក្ខណៈរហ័ស ហើយនឹងមានលក្ខណៈបង្រួបបង្រួម និងមានប្រសិទ្ធភាព ដែលបានបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដោយសម្រួលដល់ការធ្វើដំណើរទៅវិញទៅមករបស់ប្រជាជន ឱ្យកាន់តែរលូន។
ឯកឧត្តម ថា មានប្រជាជនហ្វីលីពីន កំពុងធ្វើការជាង ៧០០០នាក់ នៅកម្ពុជា ដែលបានចូលរួមចំណែកក្នុងវិស័យអប់រំ សុខាភិបាល និងការអភិវឌ្ឍនៅកម្ពុជា ពួកគាត់ជាស្ពានសម្រាប់ផ្សារភ្ជាប់រវាងប្រទេសយើងទាំងពីរទាំងផ្នែកវប្បធម៌។ យើងស្វាគមន៍ ចំពោះការកោតសរសើរនូវវប្បធម៌ និងសហគ្រាសហ្វីលីពីន យើងរីករាយឃើញ ការផ្លាស់ប្តូរ រវាងប្រជាជនយើងទាំងពីរថែមទៀត។
ឯកឧត្តម ម៉ាកូស បន្តថា ក្នុងស្មារតីនេះ ប្រទេសហ្វីលីពីន និងកម្ពុជា បានឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការអនុវត្តច្បាប់រវាងស្ថាប័ន សន្តិសុខរវាងប្រទេសពីរ ដើម្បីឆ្លើយតបរួម គឺមានលក្ខណៈរហ័ស ហើយនឹងមានលក្ខណៈបង្រួបបង្រួម និងមានប្រសិទ្ធភាព។ ហ្វីលីពីន បានបញ្ជាក់អំពីសារៈសំខាន់ នៃការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដោយសម្រួលដល់ការធ្វើដំណើរទៅវិញទៅមករបស់ប្រជាជន ឱ្យកាន់តែរលូន ៕

Leave a Reply