រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ នៅខេត្តត្បូងឃ្មុំ

ភ្នំពេញ ÷ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដំណើរដោយប្រតិភូក្រសួងសុខាភិបាល ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសុខាភិបាលនៅមូលដ្ឋានសុខាភិបាលមួយចំនួន មណ្ឌលសុខភាពស្លារ មណ្ឌលសុខភាពមេមត់ មន្ទីរពេទ្យបង្អែកមេមត់ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ និងបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្តត្បូងឃ្មុំ នៅសាលាខេត្តត្បូងឃ្មុំ, រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ។

ឆ្លៀតក្នុងឱកាសពិធីសំណេះសំណាល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗមួយចំនួន សម្រាប់ការអនុវត្តការងារឱ្យកាន់តែប្រសើរថែមទៀត។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ជូនដល់មន្រ្តីសុខាភិបាលខេត្តត្បូងឃ្មុំ ចំពោះការខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលខេត្តត្បូងឃ្មុំទាំងអស់ សូមបន្តខិតខំបន្ថែមទៀត ទាំងការផ្តល់សេវារដ្ឋបាល ជាពិសេសផ្នែកបច្ចេកទេស ដែលក្នុងនោះត្រូវខិតខំពង្រឹងសមត្ថភាព បង្កើនសមត្ថភាពតាមរយៈការបណ្តុះបណ្តាលជាប់ជាប្រចាំ ជាពិសេសពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដោយធានាឱ្យបានការបំរើ និងផ្តល់ជូនសេវាពិនិត្យថែទាំសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌ តាំងពីមណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យបង្អែកខេត្ត។

សូមជម្រាបជូនដែរថា រយៈពេល៣ថ្ងៃ នៃដំណើរបេសកកម្មនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងប្រតិភូក្រសួងសុខាភិបាល បានចុះពិនិត្យមូលដ្ឋានសុខាភិបាល ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តត្បូងឃ្មុំ ដែលជាខេត្តចុងក្រោយនៃដំណើរបេសកកម្មនេះ នៃខេត្តភូមិភាគឦសាន។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងនូវការអរគុណ វាយតម្លៃខ្ពស់ដល់មន្រ្តីសុខាភិបាលនៅខេត្តទាំង៥ និងផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងមន្រ្តីសុខាភិបាលទាំងអស់ មានស្មារតីរួបរួមគ្នា ចេះជួយគ្នា ចេះសម្របសម្រួល ចេះកែសម្រួលគ្នា សាមគ្គីភាព គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួមធានា ការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល៕

អត្ថបទ រដ្ឋា