អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះរុះរើសំណង់រំលោភចំណីផ្លូវជាតិលេខ៣ក្រោយពីណែនាំមិនស្តាប់

ភ្នំពេញ៖ ក្រោយពីការចុះទៅហាមឃាត់ និងធ្វើកិច្ចសន្យាឲ្យម្ចាស់សំណង់មួយកន្លែងដែលកំពុងសាងសង់រំលោភលើចំណីផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាត្បូង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អាជ្ញាធរចម្រុះខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក សក់ ច័ន្ទកាញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការរុះរើចេញដោយមិនធានាការបាក់បែកខូចខាតឡើយ ។

មូលហេតុដែល

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យដាក់កម្លាំងចម្រុះចុះធ្វើការរុះរើសំណង់រំលោភចំណីផ្លូវជាតិលេខ៣ នេះ ក្រោយធ្វើការណែនាំ និងធ្វើកិច្ចសន្យាឲ្យម្ចាស់រុះរើដោយខ្លួនឯង តែមិនព្រមរុះ ហើយគំរាមប្រើដុំថ្មគប់ទៅលើកម្លាំងអាជ្ញាធរដែលហ៊ានរុះរើសំណង់គាត់នោះទៀត ។

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ប្រាប់ឲ្យដឹងថា លោក សក់ ច័ន្ទកាញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានដាក់កម្លាំងចុះទៅធ្វើការរុះរើសំណង់

រំលោភលើចំណីផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាត្បូង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ។

នៅក្នុងពេលចុះទៅអនុវត្តន៍ការរុះរើនោះ ពុំមានការប៉ះទង្គិចគ្នារវាងកម្លាំង និងម្ចាស់ផ្ទះដូចជាការគម្រាមនោះទេ ដោយកម្លាំងអាជ្ញាធររុះរើ បានសម្រេចដោយរលូន ក្រោមការសាទរពីមហាជនដែលជាអ្នកគោរពច្បាប់ ។

សូមជម្រាបជូនថា បើតាមអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រាប់ថា ម្ចាស់សំណង់ខាងលើឈ្មោះហ៊ុល ភា គាត់បានសាងសង់សំណង់រំលោភលើចំណីផ្លូវជាតិលេខ៣ និង មានប្រជាពលរដ្ឋច្រើននាក់បានប្ដឹងសុំឲ្យអាជ្ញាធរខណ្ឌចេញអន្តរាគមន៍ឃាត់ជាបន្ទាន់ ចៀសវាងពេលដែលសំណង់នោះសង់រួចរាល់ ពិបាកដោះស្រាយ ។ ក្រោយមកនៅវេលារសៀលថ្ងៃដដែល លោកសក់ ច័ន្ទកាញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាឲ្យលោកឈួន ឆាយ៉ារិទ្ធ នាយករដ្ឋបាលខណ្ឌដឹកនាំកម្លាំងចុះទៅហាមឃាត់និងឲ្យម្ចាស់រុះរើ ។ ពេលទៅដល់កម្លាំងបានធ្វើការវាស់វែងឃើញថា សំណង់ខាងលើសង់រំលោភចំណីផ្លូវប្រវែង ៥,៥០ម៉ែត្រ ៕ដោយ ÷ តារាវុទ្ធី