ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះត្រួតពិនិត្យវឌ្ឍនៈភាពទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

កណ្ដាល ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការ គណកម្មការធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនៈភាពទីតាំងការប្រារព្វពិធីបើកផ្លូវការ ការដ្ឋានព្រែកជីកហ្វូណតេជោ នៅព្រែកតាកែវ ឃុំសំរោងធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល ។

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា មកដល់ពេលនេះ ការរៀបចំទីតាំងបើកការដ្ឋានអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោជាផ្លូវការ គឺបានរៀបចំជិតហើយរួចរាល់អស់ហើយ ហើយនៅពេលនេះក្រុមការងារកំពុងពន្លឿនការងារនៅសេសសល់មួយចំនួនតូចទៀត និងរៀបចំឲ្យមានសោភ័ណ្ឌភាពស្អាត ដើម្បីត្រៀម ប្រារព្ធពិធីបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោផ្លូវការ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានឲ្យដឹងថា នៅក្នុងដំណើរការរៀបចំពិធីបើកការដ្ឋានអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហាខាងមុខនេះ ជាក់ស្តែងរដ្ឋបាលខេត្តកណ្តាល បានសហការរៀបចំកម្មវិធីអបអរសាទរជាច្រើន ទាំងនៅលើទីតាំងបើកការដ្ឋាន និងនៅក្រៅទីតាំងបើកការដ្ឋាន ដើម្បីបើកឱកាសឲ្យមហាជនទូទៅដែលមានស្មារតីជាតិនិយម ចូលរួមគាំទ្រ និងអបអរសាទរថ្ងៃជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ការដ្ឋានជីកព្រែកជីកហ្វូណនតេជោជាផ្លូវការនោះ។

អ្នកជំនាញភស្តុភាកម្ម បានឲ្យដឹងថាតាមការប្រកបអាជីវកម្មការដឹកជញ្ជូនជាក់ស្តែងនៅពេលបច្ចុប្បន្ន ការដឹកជញ្ជូនតាមផ្លូវទឹក មានតម្លៃទាបជាង ការដឹកជញ្ជូន តាមផ្លូវដែក ២ដង និងទាបជាងការដឹកជញ្ជូនតាមផ្លូវគោករហូតដល់ទៅ ៥ដង ព្រោះថាការដឹកជញ្ជូន តាមផ្លូវទឹកមានការចំណាយទាប មានសុវត្ថិភាព មានលទុ្ធភាពក្នុងការផ្ទុកទំនិញបានច្រើន និងបានចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថានផងដែរ ហើយអ្នកប្រកបអាជីវកម្មដឹកជញ្ជូន បានសម្តែងការពេញចិត្តជាខ្លាំង នូវគម្រោងជីកព្រែកជីកហ្វូណនតេជោ នឹងចូលរួមលើកកម្ពស់ការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជាឱ្យកាន់តែមានសក្ដានុពល ជាចំណែកមួយធ្វើឱ្យសង្គម និងសេដ្ឋកិច្ចជាតិកាន់តែមានភាពរីកចម្រើន៕

អត្ថបទ ៖ ស៊ុម សុខជា