រដ្ឋបាលខេត្តអំពាវនាវពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹងសង្កែបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈកម្ពស់ទឹកហក់ឡើង

បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងស្ដីពីការត្រៀមបង្ការជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ខណៈទឹកស្ទឹងសង្កែ និងតាមបណ្ដាស្ទឹងផ្សេងៗកំពុងហក់ឡើងជាបន្តបន្ទាប់។

​តាមរយៈសេចក្ដីជូនដំណឹងនៅថ្ងៃនេះ រដ្ឋបាលខេត្តបាត់ដំបង បញ្ជាក់ថា ដោយផ្អែកលើស្ថានភាពបច្ចុប្បន្នកម្រិតទឹកស្ទឹងសង្កែ នៅចំណុចស្ពានសម្ដេចតេជោ ហ៊ុន សែន ក្នុងក្រុងបាត់ដំបង មានកម្ពស់ ១២,៨០ម៉ែត្រ ដែលសង្កេតឃើញថាមានការកើនឡើងជាបន្តបន្ទាប់តាមរយៈជំនន់ទឹកភ្លៀង ហើយ ចំពោះកម្រិតទឹកដែលត្រូវប្រុងប្រយ័ត្នខ្ពស់ស្ថិតនៅកម្ពស់១៣,៥០ម៉ែត្រ។

រដ្ឋបាលខេត្តបាត់ដំបង សង្កត់ធ្ងន់ថា ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបងទាំងអស់ ជាពិសេសបងប្អូនដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ និងតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រូវត្រៀមរៀបចំ ទុកដាក់នូវសម្ភារ ឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវ និងស្វែងរកទីទួលសុវត្ថិភាព ដែលបានកំណត់ដោយ អាជ្ញាធរមូលដ្ឋាន និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីទទួលរងនូវការលិចលង់ណា មួយកើតមានឡើង។

រដ្ឋបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ក្នុងការត្រៀមរៀបចំផែនការ អន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋនៅពេលដែលមាន គ្រោះមហន្តរាយទឹកជំនន់មកដល់ ម្យ៉ាងវិញទៀតត្រូវធ្វើការផ្សព្វផ្សាយណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ លើសុខភាពអនាម័យដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗ។

រដ្ឋបាលខេត្ត សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឆ្លើយតបករណីមានគ្រោះមហន្តរាយកើតឡើងឱ្យបានទាន់ពេលវេលា៕