សហភាពអឺរ៉ុបស្នើឱ្យផ្អាកទំនាក់ទំនងពាណិជ្ជកម្មជាមួយអ៊ីស្រាអែល

ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ — សហភាព​អឺរ៉ុប​បាន​ស្នើ​ឡើង​នូវ​វិធានការ​ដ៏​ខ្លាំងក្លា​មួយ​ប្រឆាំង​នឹង​អ៊ីស្រាអែល ​ដើម្បី​ឆ្លើយតប​នឹង​ជម្លោះ​ដែល​កំពុង​បន្ត​នៅ​តំបន់​ហ្កាហ្សា។ គណៈកម្មការអឺរ៉ុបបានចាត់វិធានការភ្លាមៗដោយការបង្កកប្រាក់ចំនួន ២០លានអឺរ៉ូ ហើយកំពុងស្នើឱ្យផ្អាកផ្នែកខ្លះនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលផ្តល់នូវការកាត់បន្ថយពន្ធទៅលើទំនិញអ៊ីស្រាអែល ដែលជាវិធានការមួយដែលអាចប៉ះពាល់ដល់ការនាំចេញជាងមួយភាគបីរបស់អ៊ីស្រាអែលទៅកាន់ប្លុកនេះ។ លើសពីនេះទៀត គណៈកម្មការនោះបានអំពាវនាវឱ្យមានការបង្កកទ្រព្យសម្បត្តិ និងការហាមប្រាមទិដ្ឋាការទៅលើរដ្ឋមន្ត្រីអ៊ីស្រាអែលស្តាំនិយម លោក អ៊ីតាម៉ា បេន ជីវៀ (Itamar Ben Gvir) និងលោក បេហ្សាលែល ស្មូទ្រីជ (Bezalel Smotrich) ដោយលើកឡើងពីវោហាសាស្ត្រជ្រុលនិយមរបស់ពួកគេ។ សកម្មភាពទាំងនេះមានគោលបំណងដាក់សម្ពាធទៅលើអ៊ីស្រាអែលឱ្យយល់ព្រមទៅលើបទឈប់បាញ់ជាបន្ទាន់ ព្រមទាំងអនុញ្ញាតឱ្យមានសិទ្ធិមនុស្សធម៌ដែលមិនមានការរឹតបន្តឹង និងធានាចំពោះការដោះលែងចំណាប់ខ្មាំងទាំងអស់។

បើទោះបីជាមានការស្នើឡើងខាងលើនេះក៏ដោយ ក៏ការអនុម័តទៅលើសំណើនោះនៅតែប្រឈមនឹងឧបសគ្គយ៉ាងសំខាន់ផងដែរ។ រដ្ឋជាសមាជិកសំខាន់ៗ ដែលរួមមានទាំងអាល្លឺម៉ង់ និងអ៊ីតាលី បានសម្តែងការស្ទាក់ស្ទើរក្នុងការគាំទ្រវិធានការនេះ ដែលទាមទារឱ្យមានការគាំទ្រពីបណ្តាប្រទេសមួយចំនួនទៀតនៅសហភាពអឺរ៉ុបដើម្បីគ្រប់គ្រាន់សម្រាប់ការអនុម័ត។ ការប្រឆាំងផ្ទៃក្នុងនេះបានជាប់គាំងរួចហើយនូវសំណើរដែលមិនសូវធ្ងន់ធ្ងរពីមុនមក ដើម្បីកាត់បន្ថយការផ្តល់មូលនិធិសម្រាប់ការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យារបស់អ៊ីស្រាអែល។ អ៊ីស្រាអែលបានថ្កោលទោសជាសាធារណៈចំពោះទណ្ឌកម្មដែលបានស្នើឡើង ដោយរដ្ឋមន្ត្រីការបរទេស លោក ជីដេអន សាអារ (Gideon Saar) បានព្រមានថា «សម្ពាធតាមរយៈទណ្ឌកម្មនេះនឹងមិនដំណើរការទេ» ហើយលោកបាននិយាយថា សកម្មភាពបែបនេះនឹងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អឺរ៉ុប។ យ៉ាងណាក៏ដោយ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក កាចា កាល់ឡាស់ (Kaja Kallas) បានទទូចថា គោលបំណងនេះមិនមែនដើម្បីដាក់ទណ្ឌកម្មទៅលើអ៊ីស្រាអែលទេ ប៉ុន្តែដើម្បីកែលម្អស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា៕

ការជំរុញរបស់សហភាពអឺរ៉ុបសម្រាប់សកម្មភាពនេះ កើតឡើងចំពេលដែលមានការថ្កោលទោសសារជាថ្មីពីអន្តរជាតិចំពោះការវាយលុកដ៏ខ្លាំងក្លារបស់អ៊ីស្រាអែលទៅលើទីក្រុងហ្គាហ្សា ដែលបណ្តាលឱ្យស្ថានភាពមនុស្សធម៌នៅតំបន់នោះកាន់តែអាក្រក់ទៅ ដោយមនុស្សរាប់សែននាក់កំពុងជ្រកកោននៅក្នុងទីក្រុងនោះ ប៉ុន្តែមានការស្ទាក់ស្ទើរក្នុងការចាកចេញដោយសារតែគ្រោះថ្នាក់នៃការផ្លាស់ទីទៅភាគខាងត្បូង ព្រមទាំងកង្វះស្បៀងអាហារ និងធនធាននៅក្នុងតំបន់ភាគខាងត្បូង។ អាជ្ញាធរសុខាភិបាលក្នុងតំបន់បានរាយការណ៍ថា មនុស្សរាប់សិបនាក់បានស្លាប់នៅក្នុងការវាយប្រហារចុងក្រោយបង្អស់របស់អ៊ីស្រាអែល រួមទាំងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទៅលើមន្ទីរពេទ្យកុមារមួយ៕

ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ឆាយណាដេលី)