ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ — ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសអ៊ុយក្រែនរំពឹងថានឹងមានថវិកាប្រហែល ៣,៥ពាន់លានដុល្លារអាម៉េរិកនៅខែក្រោយនៅក្នុងមូលនិធិមួយដើម្បីទិញសព្វាវុធពីសហរដ្ឋអាមេរិក និងជួយទ្រទ្រង់ការប្រយុទ្ធអស់រយៈពេលជាង ៣ឆ្នាំរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
ការរៀបចំហិរញ្ញវត្ថុដែលគេស្គាល់ថាជាបញ្ជីតម្រូវការអាទិភាពរបស់អ៊ុយក្រែន ឬ PURL ជាការរួមវិភាគទានពីសមាជិកអង្គការណាតូ លើកលែងតែសហរដ្ឋអាមេរិក ដើម្បីទិញសព្វាវុធ គ្រាប់បែក និងឧបករណ៍យោធារបស់អាម៉េរិក។
លោក ហ្សេលេនស្គី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅទីក្រុងគៀវជាមួយនឹងប្រធានសភាអឺរ៉ុប លោក រ៉ូបឺតតា មេតសូឡូ (Roberta Metsola) ដែលធ្វើទស្សនកិច្ចនៅអ៊ុយក្រែនថា «យើងទទួលបានថវិកាជាង ២ពាន់លានដុល្លារអាម៉េរិកហើយពីដៃគូរបស់យើង ជាពិសេសសម្រាប់កម្មវិធី PURL។ យើងនឹងទទួលបានថវិកាបន្ថែមទៀតនៅក្នុងខែតុលាខាងមុខនេះ។ ខ្ញុំគិតថា យើងនឹងមានថវិកាប្រហែលពី ៣,៥ ទៅ ៣,៦ពាន់លានដុល្លារអាម៉េរិក»។
លោក ហ្សេលេនស្គី បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីសព្វាវុធណាដែលនឹងដឹកជញ្ជូនដំបូងគេនោះទេ ប៉ុន្តែលោកបាននិយាយថា ពួកគេពិតជានឹងមានគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot និងគ្រាប់បែកសម្រាប់ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ ឬ HIMARS។
ការបញ្ចប់សង្គ្រាមហាក់មិនមែនឆាប់ៗនេះឡើយ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងសន្តិភាពដែលដឹកនាំដោយសហរដ្ឋអាមេរិករាប់ខែមកហើយក៏ដោយ។
ប្រព័ន្ធ Patriot មានសារៈសំខាន់ណាស់ក្នុងការការពារប្រឆាំងនឹងការវាយប្រហារដោយគ្រាប់មីស៊ីលរបស់រុស្ស៊ី។ ប្រព័ន្ធ HIMARS បានពង្រឹងយ៉ាងខ្លាំងនូវសមត្ថភាពវាយប្រហារដ៏ជាក់លាក់របស់យោធាអ៊ុយក្រែន៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ កូរ៉េថាមស៍)

Leave a Reply