សារព័ត៌មាន KNCA៖ មេដឹកនាំកូរ៉េខាងជើង បញ្ជាក់ថា លោកនឹងពង្រឹងទំនាក់ទំនង ជាមួយចិនឲ្យកាន់តែរឹងមាំ

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ នៅថ្ងៃអង្គារ (ទី២៣ ខែកញ្ញា) នេះ បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បាននិយាយថា លោកនឹងជំរុញទំនាក់ទំនងជាមួយប្រទេសចិន «ឲ្យកាន់តែរឹងមាំខ្លាំងឡើងៗ»។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋមួយនេះ បានឲ្យដឹងថា ការអត្ថាធិប្បាយរបស់លោក ត្រូវបានធ្វើឡើង ដើម្បីជាការឆ្លើយតបទៅនឹងសារអបអរសាទររបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅថ្ងៃខួបនៃការបង្កើតប្រទេសកូរ៉េខាងជើង។

ជាមួយគ្នានេះ សារព័ត៌មាន KCNA បានបន្ថែមថា លោក គីម ក៏បានបញ្ជាក់ផងដែរថា លោកអាច «មានអារម្មណ៍ពេញចិត្ត» ចំពោះការគាំទ្ររបស់ប្រទេសចិន អំឡុងដំណើរទស្សនកិច្ចរបស់លោក កាលពីដើមខែនេះ នៅទីក្រុងប៉េកាំង ជាកន្លែងដែលលោកបានមើលក្បួនព្យុហយាត្រាយោធាជាមួយលោក ស៊ី។

លោក ស៊ី បានឈរក្បែរលោក គីម ក្នុងព្រឹត្តិការណ៍ខួបសង្គ្រាមលោកលើកទី២ នៅទីក្រុងប៉េកាំង ហើយបានបើកកិច្ចប្រជុំទ្វេភាគីដាច់ដោយឡែក ដែលជាលើកទី២ របស់មេដឹកនាំទាំង២ ក្នុងរយៈពេល ៦ឆ្នាំ។ ចិនគឺជាអ្នកគាំទ្រដ៏សំខាន់ និងជាអ្នកទ្រទ្រង់ផ្នែកសេដ្ឋកិច្ច សម្រាប់កូរ៉េខាងជើង។

ទន្ទឹមនឹងនេះដែរ លោក គីម បានលើកឡើងនៅមុននេះថា គ្មានហេតុផល ក្នុងការចៀសវាងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកនោះឡើយ ប្រសិនបើក្រុងវ៉ាស៊ីនតោនឈប់ទទូចថា ប្រទេសរបស់លោកត្រូវបោះបង់ចោលអាវុធនុយក្លេអ៊ែរ ប៉ុន្តែលោកនឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរ ដើម្បីបញ្ចប់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរបស់លោកដោយលោកខាងលិចនោះទេ៕