អគ្គនាយកស៊ីម៉ាក់៖ រាជរដ្ឋាភិបាល​យកចិត្តទុកដាក់​លើការបោស​សម្អាត​មីនមនុស្សធម៌គាំទ្រសុខសុវត្ថិភាព​និងការកសាងហេដ្ឋា​រចនាសម្ពន័្ធរូបវន្តតាំងពីឆ្នាំ១៩៩២-១៩៩៣ មកម៉្លេះ

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​អគ្គនាយក​នៃ​មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាឬ ស៊ីម៉ាក់(CMAC)បានបញ្ជាក់ថា​​ការបោសម្អាតមីនមនុស្ស​ធម៌​គាំទ្រសុខសុវត្ថិភាពនិងការកសាងហេដ្ឋារចនាសម្ពន័្ធ​រូបវន្ត​ ព្រមទាំងសេដ្ឋកិច្ចសង្គម​ ដល់ប្រជាពលរដ្ឋខ្មែររស់នៅភូមិ​ជោគជ័យ​ ភូមិអូរបីជាន់​ និងភូមិព្រៃចាន់​ ក៏ដូចជា​ភូមិករនានា​តាមបណ្តោយព្រំដែនខ្មែរ-សៀម​ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា​ យកចិត្តទុកដាក់បំផុត​ចាប់តាំងពី​ឆ្នាំ១៩៩២-៩៣មកម៉្លេះ ព្រម​ទាំងបានចាប់ផ្តើមនិងបានចែកចេញជាដំណាក់កាលសំខាន់។

លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហេង រតនា បានគូសអំពី​ដំណាក់​​កាល​សំខាន់ៗយ៉ាងដូច្នេះថា៖១.​ ឆ្នាំ១៩៩២-១៩៩៨​៖​ ដំណាក់កាល​ធ្វើការបោសសម្អាតមីនដើម្បី​បើកផ្លូវ​សុវត្ថិភាពក្នុង​ការធ្វើមាតុភូមិនិវត្តន៍និងគាំទ្រការតាំងទីលំនៅនិងកសាងជីវភាពថ្មីទាំងក្នុងឆ្នាំ១៩៩២​-៩៣​ និងក្រោយការបោះឆ្នោត​ឆ្នាំ១៩៩៣។

ទី២.​ ឆ្នាំ១៩៩៨-២០០៣៖​ ដំណាក់កាលនៃការបោសសម្អាត​មីនដើម្បីគាំទ្រសុវត្ថិភាព​និងការអភិវឌ្ឍសេដ្ឋកិច្ច​សង្គម។ការដំណើរការបោសសម្អាតមីនមនុស្សធម៌នៅទីតាំងទាំងនេះមានសហគមន៍អន្តរជាតិច្រើនណាស់បានដឹងឮនិងចងចាំការពិតនេះ​ព្រោះថាសហគមន៍អន្តរជាតិទាំងនោះបានចូលរួមអនុវត្ត​ដោយផ្ទាល់ផងដែរ។

ឯកឧត្តមអគ្គនាយកស៊ីម៉ាក់បានបន្តថា រឿងជម្លោះខ្សែ​បន្ទាត់ព្រំដែន​នៅតំបន់ទាំងនេះ​ ក្រុមការងារព្រំដែនទាំងខ្មែរ​និងសៀមបានជួបពិភាក្សាគ្នាច្រើនលើកច្រើនសារហើយ​ ប៉ុន្តែមិនទាន់បានដោះស្រាយនៅឡើយ (ដូចខ្លឹមសារនៃ​សេចក្តី​ប្រកាសបដិសេធព័ត៌មាន)របស់រដ្ឋលេខាធិការកិច្ចការព្រំដែនបានបញ្ជាក់យ៉ាងច្បាស់លាស់។ប្រសិនពិតជា​អ្នក​ជិតខាងគ្នាល្អ​មែននោះ​ យន្តការដោះស្រាយទំនាស់ដោយសន្តិវិធីមាន​គ្រប់ឋានានុក្រម​ មិនត្រូវប្រើប្រាស់កម្លាំង​និងច្បាប់សឹកស្អីនោះទេ​ ព្រោះទង្វើបែបនេះបង្កើនអរិភាពនឹងគ្នាកាន់តែខ្លាំងក្លាថែមទៀត ៕