មន្ទីរពេទ្យ ២ នៅហ្កាហ្សា បានបង្ខំបញ្ឈប់ប្រតិបត្តិការ ខណៈការវាយលុករបស់ អ៊ីស្រាអែល កើនឡើងកាន់តែខ្លាំង

ក្រសួងសុខាភិបាលនៃតំបន់ហ្កាហ្សា បានឲ្យដឹងថា មន្ទីរពេទ្យនៅទីក្រុងហ្កាហ្សាចំនួន ២ ត្រូវបានផ្អាកដំណើរការ ដោយសារការកើនឡើងនៃការវាយលុកផ្លូវគោករបស់អ៊ីស្រាអែល និងការខូចខាតដែលបណ្តាលមកពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលជាបន្តបន្ទាប់ ខណៈដែលរថក្រោះបានរុលចូលកាន់តែជ្រៅទៅក្នុងដែនដីនេះ។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មន្ទីរពេទ្យកុមារ Al-Rantissi ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល កាលពីប៉ុន្មានថ្ងៃមុន។ ក្នុងពេលជាមួយគ្នានោះ ក្រសួងបានរាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ជុំវិញមន្ទីរពេទ្យភ្នែកក្បែរនោះ ដែលបង្ខំឲ្យផ្អាកសេវាកម្មនៅទីនោះផងដែរ។

ក្រសួងបានឲ្យដឹងថា៖ «ការកាន់កាប់ ដែលដាក់គោលដៅដោយចេតនា និងជាប្រព័ន្ធ លើប្រព័ន្ធថែទាំសុខភាព នៅក្នុងតំបន់ហ្កាហ្សា គឺជាផ្នែកនៃគោលនយោបាយប្រល័យពូជសាសន៍ ប្រឆាំងនឹងដែនដីនេះ»។

ក្រសួងបានបន្ថែមថា៖ «គ្មានទីតាំង ឬមន្ទីរពេទ្យណាមួយ មានផ្លូវចូលបានដោយសុវត្ថិភាពដែលអនុញ្ញាតឲ្យអ្នកជំងឺ និងអ្នករបួសអាចទទួលបានការព្យាបាលនោះឡើយ»។

ភ្លាមៗនេះ មិនមានការអត្ថាធិប្បាយពីយោធាអ៊ីស្រាអែលនោះឡើយ ពាក់ព័ន្ធនឹងការផលើកឡើងនេះ។ ដោយឡែកកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសហ្ស៊កដានី បានសម្រេចថា មន្ទីរពេទ្យបណ្ដោះអាសន្នរបស់ខ្លួន នៅក្នុងសង្កាត់ Tel Al-Hawa នៃទីក្រុងហ្កាហ្សា នឹងត្រូវប្តូរទីតាំងទៅទីក្រុង Khan Younis ដើម្បីសុវត្ថិភាពបុគ្គលិករបស់មន្ទីរពេទ្យ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ហ្ស៊កដានី Petra ដែលបានរាយការណ៍កាលពីថ្ងៃចន្ទ៕