ប្រទេសលោកខាងលិច និងរុស្ស៊ី ប៉ះទង្គិចគ្នានៅ UN ក្រោយឧប្បត្តិហេតុនៅក្នុងដែនអាកាសណាតូ

vនៅឯអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទ (ទី២២ ខែកញ្ញា) សម្ព័ន្ធមិត្តណាតូ បានចោទប្រកាន់រុស្ស៊ីថា បានរំលោភលើលំហអាកាសរបស់សម្ព័ន្ធភាព នៅក្នុងប្រទេសអេស្តូនី និងប៉ូឡូញ ជាសកម្មភាពដែលចក្រភពអង់គ្លេស បាននិយាយថា បង្កជាហានិផ័យឲ្យកើតជម្លោះប្រដាប់អាវុធ។

ដោយប្រឈមមុខជាមួយរុស្ស៊ី នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Yvette Cooper បាននិយាយថា៖ «សកម្មភាពដែលមិនប្រុងប្រយ័ត្នរបស់អ្នក (រុស្ស៊ី) បង្កជាហានិភ័យឲ្យមានការប្រឈមមុខដាក់គ្នាដោយអាវុធដោយផ្ទាល់ រវាងអង្គការណាតូ និងរុស្ស៊ី។ សម្ព័ន្ធភាពរបស់យើង គឺផ្ដោតលើការការពារ ប៉ុន្តែកុំយល់ច្រលំ យើងត្រៀមខ្លួនការពារផ្ទៃមេឃរបស់អង្គការណាតូ និងទឹកដីរបស់អង្គការណាតូ»។

អេស្តូនីបានឲ្យដឹងកាលពីថ្ងៃទី១៩ ខែកញ្ញាថា យន្តហោះចម្បាំង MiG-31 របស់រុស្ស៊ីចំនួន ៣គ្រឿង បានចូលទៅក្នុងដែនអាកាសអេស្តូនីដោយគ្មានការអនុញ្ញាត ហើយបានហោះនៅទីនោះសរុប ១២នាទីមុនពេលត្រូវបានបង្ខំឲ្យចាកចេញ ជាអ្វីដែលមន្រ្តីលោកខាងលិច បាននិយាយថា ត្រូវបានរៀបចំឡើង ដើម្បីសាកល្បងការត្រៀមខ្លួន និងការដោះស្រាយរបស់អង្គការណាតូ។

ក្រុមប្រឹក្សាសន្តិសុខ បានកោះប្រជុំកាលពីថ្ងៃទី២២ ខែកញ្ញា ដើម្បីពិភាក្សាអំពីបញ្ហានេះ។ ការពិគ្រោះយោបល់របស់អង្គការណាតូ នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញា។ ហេតុការណ៍នេះ បានកើតឡើងក្នុងរយៈពេលជាង ១សប្តាហ៍ បន្ទាប់ពីយានដ្រូនរបស់រុស្ស៊ីជាង ២០គ្រឿង បានចូលទៅក្នុងដែនអាកាសប៉ូឡូញ ដែលបណ្តាលឲ្យយន្តហោះរបស់ណាតូបាញ់ទម្លាក់យានដ្រូនទាំងនោះមួយចំនួន។

យ៉ាងណាក្ដី ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៊ី ប្រចាំនៅ UN លោក Dmytry Polyanskiy បាននិយាយថា មិនមានភស្តុតាងណាមួយដែលគាំទ្រដល់ការអះអាងរបស់ពួកគេ និងបានចោទប្រកាន់មហាអំណាចអឺរ៉ុបថា បានចោទប្រកាន់ដោយគ្មានមូលដ្ឋាន៕