រុស្ស៊ីបដិសេធការរំលោភដែនអាកាសរបស់ណាតូ ដោយព្រមានថា ការចោទប្រកាន់បង្កើតភាពតានតឹង

រុស្ស៊ីបានបដិសេធកាលពីថ្ងៃចន្ទថា យន្តហោះរបស់ខ្លួន មិនបានរំលោភលើដែនអាកាសរបស់អង្គការណាតូនោះឡើយ ហើយបានព្រមានថា ប្រទេសនានាដែលធ្វើការចោទប្រកាន់បែបនេះ បានបង្កជាហានិភ័យ «បង្កើនភាពតានតឹង»។

ទីក្រុង Tallinn បាននិយាយថា យន្តហោះចម្បាំងរុស្សី ៣គ្រឿង បានចូលទៅក្នុងដែនអាកាសរបស់សមាជិករបស់អង្គការណាតូ គឺអេស្តូនី កាលពីថ្ងៃសុក្រចុងសសប្ដាហ៍កន្លងមក ដោយស្ថិតនៅទីនោះរយៈពេល ១២នាទី មុនពេលត្រូវបានឲ្យហោះចេញដោយយន្តហោះរបស់ណាតូ។

ប្រទេសបាល់ទិកមួយនេះ បានបន្ថែមថា យន្តហោះ MiG-31 ដែលកំពុងហោះហើរហួសពីឈូងសមុទ្រហ្វាំងឡង់ បានបិទឧបករណ៍បញ្ជូនសញ្ញារបស់ពួកគេ ហើយមិនបានចូលរួមជាមួយនីតិវិធីគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់អេស្តូនីឡើយ។

តែយ៉ាងណាក្ដី កាលពីថ្ងៃចន្ទ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបដិសេធការរៀបរាប់របស់អេស្តូនី ដោយនិយាយថា យោធារុស្ស៊ីធ្វើប្រតិបត្តិការដោយអនុវត្តយ៉ាងតឹងរ៉ឹង នៅក្នុងរង្វង់ដែនកំណត់នៃច្បាប់អន្តរជាតិ ក្នុងនោះរួមទាំងសកម្មភាពដែលទាក់ទងនឹងការហោះហើរផងដែរ។

លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា រុស្ស៊ីចាត់ទុកសេចក្តីថ្លែងការណ៍របស់អេស្តូនីថា៖ «មិនមែនការពិត គ្មានមូលដ្ឋាន និងជាការបន្តនូវគោលនយោបាយដែលមិនអាចបញ្ឈប់បានទាំងស្រុងរបស់ប្រទេសនេះ ក្នុងការបង្កើនភាពតានតឹង និងបង្កបរិយាកាសប្រឈមមុខដាក់គ្នា»។

ឯកអគ្គរដ្ឋទូតរបស់អង្គការណាតូ នឹងកោះប្រជុំនៅថ្ងៃអង្គារ (ទី២៣ ខែកញ្ញា) នេះ ដើម្បីបើកកិច្ចពិភាក្សាស្តីពីការលុកលុយនេះ បន្ទាប់ពីអេស្តូនីបានអំពាវនាវឲ្យមានការពិភាក្សាជាបន្ទាន់ក្រោមមាត្រាទី៤ នៃសន្ធិសញ្ញាបង្កើតសម្ព័ន្ធភាព។ ប្រទេសប៉ូឡូញបានអំពាវនាវប្រើមាត្រាទី៤ នៅដើមខែនេះ បន្ទាប់ពីយានដ្រូនរុស្ស៊ីប្រហែល ២០គ្រឿង បានរំលោភលើដែនអាកាសរបស់ខ្លួន៕