ប្រទេសស្លូវ៉ាគី ទទួលបានយន្តហោះ F-16 ថ្មីដំបូង ដើម្បីបង្កើនការការពារដែនអាកាស

ប្រទេសស្លូវ៉ាគី បានទទួលយន្តហោះចម្បាំង F-16 ថ្មីពីរគ្រឿងដំបូងក្នុងចំណោម ១៤ គ្រឿង កាលពីថ្ងៃចន្ទ ក្នុងគោលបំណងជំនួសយន្តហោះផលិតដោយរុស្ស៊ី ដែលខ្លួនបានផ្តល់ទៅឲ្យប្រទេសអ៊ុយក្រែនរួចហើយ។

ប្រទេសស្លូវ៉ាគី បានពឹងផ្អែកលើប្រទេសជិតខាងនៅអឺរ៉ុបកណ្តាល សម្រាប់ការល្បាតតាមអាកាស ចាប់តាំងពីឆ្នាំមុន នៅពេលដែលប្រទេសនេះ បានប្រគល់យន្តហោះចម្បាំង MiG-29 រាប់សិបគ្រឿង ដែល ត្រូវបានចតចោលដោយសារតែខ្វះគ្រឿងបន្លាស់ និងការថែទាំ ប៉ុន្តែទីក្រុងគីវ អាចប្រើប្រាស់បាន ក្នុងសង្គ្រាមជាមួយរុស្ស៊ី។

ប្រទេសស្លូវ៉ាគី ជាសមាជិកសម្ព័ន្ធយោធាណាតូ ដែលស្ថិតនៅស្លាបខាងកើតនៃសម្ព័ន្ធមិត្តយោធានេះ មានផែនការទទួលយន្តហោះ F-16 ចំនួន ១២ គ្រឿងបន្ថែមទៀត នៅចុងឆ្នាំក្រោយ។

ប្រទេសស្លូវ៉ាគី បានទទួលជាផ្លូវការនូវយន្តហោះដំបូងផលិតដោយក្រុមហ៊ុន Lockhead Martin កាលពីដើមឆ្នាំនេះ ប៉ុន្តែ បានទុកនៅសហរដ្ឋអាមេរិក សម្រាប់ការបណ្តុះបណ្តាលថែទាំ។

ប្រទេសស្លូវ៉ាគី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងឆ្នាំ២០១៨ សម្រាប់យន្តហោះចំនួន១៤គ្រឿង មានតម្លៃប្រហែល១,៦ពាន់លានដុល្លារ។

ការដឹកជញ្ជូនលើកដំបូង មានរយៈពេលយឺតជាងមួយឆ្នាំ បន្ទាប់ពីការពន្យារពេល អំឡុងជំងឺរាតត្បាតកូវីដ-19។ រដ្ឋាភិបាលថ្មីរបស់ប្រទេស ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី លោក Robert Fico ដែលឡើងកាន់តំណែងតាំងពីចុងឆ្នាំមុន បានបញ្ចប់ការផ្តល់ជំនួយផ្នែកយោធារបស់រដ្ឋដល់ប្រទេសអ៊ុយក្រែន ហើយបានស្វែងរកការស៊ើបអង្កេត លើការផ្តល់ជំនួយរបស់រដ្ឋបាលមុនៗ ចំពោះយន្តហោះចម្បាំង MIG-29 ។