នៅសល់រយៈពេលប្រមាណ ២សប្ដាហ៍ទៀតប៉ុណ្ណោះ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី៩ នឹងមកដល់ ពោលគឺនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ នៅតំបន់អង្គរ ខេត្តសៀមរាប ដោយមានអត្តពលិកជាតិ និងអន្ដរជាតិប្រមាណជិត ៣ពាន់នាក់ បានចុះឈ្មោះរួចរាល់ចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ ។
លោក សែម ផល្លា នាយកបច្ចេកទេសគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងកម្ពុជា បានឲ្យដឹងថា គិតមកទល់ពេលនេះ គណៈកម្មការបានទទួលការចុះឈ្មោះប្រមាណជាង ២,៩០០នាក់ហើយ ដែលមកពីជិត ៤០ប្រទេសលើពិភពលោក ក្នុងនោះជនបរទេសចូលរួមច្រើនជាងគេ គឺមានជប៉ុន ឈរលេខ២ ចិន ឈរលេខ២ និងវៀតណាម ឈរលេខ៣ ។
យ៉ាងណាមិញសម្ភារៈសម្រាប់សម្គាល់កីឡាករ-កីឡាការិនីចូលរួមរត់ ក៏ជិតអស់ដែរ ។ ហេតុនេះ ក្នុងនាមគណៈកម្មការរៀបចំ បានសំណូមពរដល់អ្នកមិនទាន់ចុះឈ្មោះ ត្រូវរាន់ចុះឈ្មោះឲ្យបានលឿន ព្រោះចំនួនសម្ភារៈនៅសល់មានកំណត់ ។
គួរដឹងថា ព្រឹត្តិការណ៍កីឡាម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ ត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំ ក្រោយទទួលបានការអនុញ្ញាត និងគាំទ្រពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តសៀមរាប ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរទៅលេងខេត្តសៀមរាប ពិសេសអំឡុងខែភ្លៀង ដែលពុំសូវមានអ្នកទៅកម្សាន្តនៅទីនោះ។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ធ្លាប់បានគូសបញ្ជាក់ថា រដូវភ្លៀង ឬហៅថា Green Season ខេត្តសៀមរាប មិនសូវមានភ្ញៀវទេសចរទៅកម្សាន្តនោះឡើយ ដូច្នេះប្រាក់ចំណូល និងអាជីវកម្មផ្សេងក៏មានការធ្លាក់ចុះដែរ ។ ហេតុនេះ ការរៀបចំឲ្យមានព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ ក្នុងគោលបំណងដើម្បីរួមចំណែកទាក់ទាញទេសចរណ៍ផង និងជួយសេដ្ឋកិច្ចឲ្យល្អប្រសើរមួយកម្រិត តាមរយៈការចូលរួមរត់ ទាំងភ្ញៀវជាតិ និងអន្តរជាតិ ។
ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី៩ នេះ នឹងធ្វើឡើងនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប លើ ៤វិញ្ញាសា រួមមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និងរត់កម្សាន្ដចម្ងាយ ៣គីឡូម៉ែត្រ ៕ អត្ថបទ លី ឈុនឡា
Leave a Reply