រុស្ស៊ី រង់ចាំមើលសកម្មភាពជាក់ស្តែង បន្ទាប់ពីសំណើរបស់លោក Zelensky ស្តីពីការចរចា

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បាននិយាយកាលពីថ្ងៃចន្ទ (២២ កក្កដា) ថា ទីក្រុងមូស្គូ នឹងរង់ចាំមើលសកម្មភាពជាក់ស្តែងរបស់អ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelensky) បានដាក់សំណើអំពីលទ្ធភាពនៃកិច្ចពិភាក្សាជាមួយរុស្ស៊ី។

លោក Zelensky បាននិយាយកាលពីពេលថ្មីៗនេះថា អ្នកតំណាងរុស្ស៊ី គួរតែមានវត្តមាននៅក្នុងសន្និសីទសន្តិភាពលើកទីពីរស្តីពីអ៊ុយក្រែន ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែវិច្ឆិកា ខាងមុខ។

លោក Peskov បានលើកឡើងពីបញ្ហានេះដោយចោទជាសំណួរថា «តើអ្វីពិតប្រាកដនៅពីក្រោយសំណើទាំងនេះ? តើផែនការជាក់លាក់អ្វីខ្លះដែលយើងកំពុងពិភាក្សា? តើសកម្មភាពអ្វីខ្លះកំពុងត្រូវបានស្នើឡើងក្នុងរឿងនេះ?» ដោយបញ្ជាក់ថាវាលឿនពេកក្នុងការវិនិច្ឆ័យ ហើយចាំបាច់ត្រូវរង់ចាំសកម្មភាពជាក់លាក់របស់ភាគីអ៊ុយក្រែន។

អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបានបន្តថា ជំនួយរបស់លោកខាងលិចដល់ក្រុងគីវ នឹង «មិនរួមចំណែកដល់ដំណោះស្រាយនៃជម្លោះអ៊ុយក្រែនទេ ប៉ុន្តែផ្ទុយទៅវិញវានឹងអូសបន្លាយឱ្យកាន់តែយូរ» ដោយបន្ថែមថា កិច្ចប្រឹងប្រែងរបស់លោកខាងលិចនឹងមិនកែប្រែលទ្ធផលនៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី ឡើយ៕