សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់បរទេសកុំលូកលាន់កិច្ចការងារផ្ទៃក្នុងរបស់កម្ពុជា

ភ្នំពេញ ៖ក្នុងឱកាសថ្លែងសារពិសេសនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជាក៏ បានបន្តអំពាវនាវដល់បរទេស កុំលូកលាន់កិច្ចការងារផ្ទៃក្នុងរបស់កម្ពុជា ខណៈបច្ចុប្បន្ននៅកម្ពុជាគ្មានអ្នកទោសនយោបាយនោះទេ មានតែអ្នកនយោបាយប្រព្រឹត្តបទល្មើស និងមានទោសព្រហ្មទណ្ឌ។

​សម្ដេចតេជោ មានប្រសាសន៍បញ្ជាក់ថា កន្លងទៅក្រុមប្រឆាំងជ្រុលនិយម តែងតែយករឿងបរិស្ថាន និងសិទ្ធិមនុស្ស មកធ្វើជាឈ្នាន់នយោបាយ បង្កភាពវឹកវរ បង្កចលាចល និងអស្ថិរភាពដល់ប្រទេសកម្ពុជា ដោយជ្រកក្រោមផ្លាកអង្គការក្រៅរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មានជាដើម ប៉ុន្ដែពួកគេកំពុងធ្វើការបម្រើឱ្យនយោបាយរបស់បរទេស មានបំណងប្រឆាំងរាជរដ្ឋាភិបាល។

សម្ដេចតេជោលើកឡើងថា ប្រទេសដទៃអាចអនុវត្តន៍ច្បាប់បាន ហេតុអ្វីកម្ពុជាមិនអាចអនុវត្តន៍ច្បាប់ប្រទេសបាន? ដូច្នេះសម្តេចស្នើមិត្តភក្តិបរទេសយោគយល់ ពីព្រោះកម្ពុជាមិនអនុញ្ញាតឱ្យកើតមានភាពចលាចលនៅក្នុងប្រទេសឡើយ។ សម្តេចតេជោ បញ្ជាក់ថា ការឃាត់ខ្លួនសកម្មជនខុសច្បាប់នាពេលកន្លងទៅ គឺគ្មានជនណាមួយពាក់ព័ន្ធទៅនឹងរឿងបរិស្ថាននោះទេ ប៉ុន្ដែពួកគេសុទ្ធតែពាក់ព័ន្ធនឹងអំពើក្បត់ និងការប្រមាថព្រះមហាក្សត្រ។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅពួកជនអគតិមួយក្តាប់តូចដែលនិយាយថា កម្ពុជានឹងមានការផ្លាស់ប្តូរនូវអធិបតេយ្យតាមរយៈបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ (CLV)នោះគឺជាការប្រមាថ យ៉ាងធ្ងន់ធ្ងរដោយមិនអាចលើកលែងឲ្យបាននោះឡើយ ហើយចំពោះបុគ្គលដែលបាននិយាយបំភ្លៃការ ពិតនេះសម្តេចក៏បានស្នើរឲ្យតុលាការកាត់ទោសទៅតាមច្បាប់ និងមិនត្រូវឱ្យឈ្មោះពួកគេចូលក្នុងបញ្ជីបន្ធូរបន្ថយទោស និងលើកលែងទោសនោះឡើយ៕