កូរ៉េខាងជើង អះអាងថា ខ្លួនបានសាកល្បងអាវុធល្បឿនលឿនជាងសំឡេង ២ គ្រាប់ដោយជោគជ័យ

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA បាននិយាយថា អាវុធលឿនជាងសំឡេងពីរគ្រាប់ ដែលបាញ់ចេញពីស្រុក Ryokpho ក្រុង Pyongyang ឆ្ពោះទៅភាគឦសាន បានវាយប្រហារចំណុចគោលដៅនៅលើកំពូលភ្នំ Kwesang ក្នុងតំបន់ Orang ខេត្ត North Hamgyong។

KCNA បានរាយការណ៍ថា ការសាកល្បងដែលបានធ្វើឡើងកាលពីថ្ងៃមុន ដោយរដ្ឋបាលមីស៊ីល គឺជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍សមត្ថភាពការពារជាតិ ក្នុងគោលបំណងលើកកម្ពស់និរន្តរភាព និងប្រសិទ្ធភាពនៃការទប់ស្កាត់ជាយុទ្ធសាស្ត្ររបស់ខ្លួនប្រឆាំងនឹងសត្រូវសំខាន់ៗ។

កាលពីមួយថ្ងៃមុន យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ឆ្ពោះទៅភាគឦសាននៅម៉ោងប្រហែល ៨ និង១០នាទីព្រឹក ដែលហោះបានចម្ងាយប្រហែល ៣៥០ គីឡូម៉ែត្រ។

ប្រភពយោធាបាននិយាយថា អាវុធនេះអាចជាមីស៊ីលផ្លោងតាកទិក ដែលត្រូវបានគេស្គាល់ថា Hwasongpho-11-Da-4.5 ដែលត្រូវបានសាកល្បងដោយកូរ៉េខាងជើងកាលពីខែកញ្ញាឆ្នាំមុន ដោយបន្ថែមថា មីស៊ីលទាំងនោះបានធ្លាក់នៅលើដី មិនមែននៅក្នុងសមុទ្រខាងកើតនោះទេ៕