អ៊ុយក្រែន ស្នើប្លុកអឺរ៉ុប កុំឱ្យដាក់ដែនកំណត់លើការប្រើឥណទានពីទ្រព្យបង្កករុស្ស៊ី

អ៊ុយក្រែន ជំរុញឱ្យបណ្តាប្រទេសអ៊ឺរ៉ុប កុំដាក់ដែនកំណត់លើការប្រើប្រាស់ប្រាក់កម្ចី ១៦៣ពាន់លានដុល្លារ ដែលបានស្នើឡើង ដោយផ្អែកលើទ្រព្យសម្បត្តិរដ្ឋរបស់រុស្ស៊ីដែលត្រូវបង្កក ដោយលើកហេតុផលថា ខ្លួនត្រូវការលទ្ធភាពទិញសព្វាវុធដែលមិនមែនជារបស់អឺរ៉ុប ជួសជុលការខូចខាតសង្គ្រាមពីការវាយប្រហាររបស់រុស្ស៊ី និងផ្តល់សំណងដល់ជនរងគ្រោះ នេះបើតាមការលើកឡើងរបស់មន្រ្តីទីក្រុងគីវ។

មេដឹកនាំសហភាពអឺរ៉ុបត្រៀមពិភាក្សាពី “ឥណទានគ្មានការប្រាក់” ដល់ទីក្រុងគីវ នៅថ្ងៃព្រហស្បតិ៍ (២៣ តុលា) នេះ ក្នុងកិច្ចពិភាក្សាមួយ ដែលចូលរួមដោយប្រធានាធិបតីអ៊ុយក្រែនផ្ទាល់ ហើយរដ្ឋមួយចំនួនបានណែនាំថា មូលនិធិនេះគួរតែចំណាយជាចម្បងលើអាវុធផលិតដោយអឺរ៉ុប ដើម្បីបង្កើនឧស្សាហកម្មការពារជាតិរបស់ពួកគេ ខណៈការគំរាមកំហែងពីរុស្ស៊ី កើនឡើង។ ប៉ុន្តែអ៊ុយក្រែននិយាយថា ខ្លួនត្រូវការសេរីភាពក្នុងការទិញយុទ្ធោបករណ៍ពីរដ្ឋដទៃ ប្រសិនបើអាវុធអឺរ៉ុបមិនមានគ្រប់គ្រាន់។

មន្ត្រីជាន់ខ្ពស់មួយរូបក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានប្រាប់សារព័ត៌មានរ៉យទ័រថា អ៊ុយក្រែនត្រូវការថវិកាពីឥណទាននោះនៅចុងឆ្នាំ២០២៥នេះ និងស្វ័យភាពលើរបៀបចំណាយ ជាពិសេសលើការទិញសព្វាវុធ។ ជាឧទាហរណ៍ ប្រព័ន្ធការពារដែនអាកាស Patriot ដែលផលិតដោយសហរដ្ឋអាមេរិក មានសារសំខាន់ណាស់ចំពោះសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការបាញ់ទម្លាក់មីស៊ីលបាលីស្ទិករបស់រុស្ស៊ី។

គួរឱ្យដឹងថា មេដឹកនាំអឺរ៉ុបបានសម្តែងការគាំទ្រយ៉ាងទូលំទូលាយនៅដើមខែនេះ សម្រាប់គំនិតនៃការប្រើទ្រព្យរុស្ស៊ី ដែលត្រូវបង្កកនៅលោកខាងលិច ដើម្បីផ្តល់ប្រាក់កម្ចី ១៤០ពាន់លានអឺរ៉ូ (១៦៣ ពាន់លានដុល្លារ) ដល់អ៊ុយក្រែន។ វិមានក្រឹមឡាំងបានហៅផែនការនេះថាជាការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី ដោយខុសច្បាប់ ហើយព្រមានថានឹងមានការសងសឹក៕