ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ (២២ តុលា) បានបញ្ជាក់ថា របាយការណ៍ព័ត៌មាននានាដែលនិយាយថា សហរដ្ឋអាមេរិក កំពុងផ្តល់ការយល់ព្រមដល់អ៊ុយក្រែន ក្នុងការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ី គឺជារឿងមិនពិតនោះឡើយ ដោយបន្ថែមថា សហរដ្ឋអាមេរិក “មិនពាក់ព័ន្ធអ្វីជាមួយមីស៊ីលទាំងនោះទេ”។
កាសែត Wall Street Journal ដែលដកស្រង់សម្តីពីប្រភពមន្ត្រីអាមេរិក បានរាយការណ៍កាលពីថ្ងៃពុធដដែលនោះថា រដ្ឋបាលលោក Trump បានដកការរឹតត្បិតលើអ៊ុយក្រែនហើយ ចំពោះការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយមួយចំនួនដែលផ្តល់ដោយសម្ព័ន្ធមិត្តលោកខាងលិច។
ក្នុងសារបង្ហោះលើបណ្ដាញសង្គម Truth Social លោក Trump បាននិយាយថា៖ អត្ថបទរបស់ Journal នោះ (ដោយសំដៅលើសារព័ត៌មាន Wall Street Journal) ស្តីពី “ការយល់ព្រមរបស់សហរដ្ឋអាមេរិក ចំពោះអ៊ុយក្រែន ក្នុងការអនុញ្ញាតឱ្យប្រើមីស៊ីលរយៈចម្ងាយឆ្ងាយវាយជ្រៅក្នុងប្រទេសរុស្ស៊ី” គឺជារឿងមិនពិតនោះទេ។ លោកបន្ថែមថា “សហរដ្ឋអាមេរិក មិនមានអ្វីពាក់ព័ន្ធជាមួយមីស៊ីលនោះសោះឡើយ ទាំងប្រភពដើមរបស់មីស៊ីល ឬអ្វីដែលអ៊ុយក្រែនធ្វើជាមួយអាវុធទាំងនោះ!”។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា “សមត្ថភាពរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនកាន់តែធំ ឆន្ទៈរបស់រុស្ស៊ីក្នុងការបញ្ចប់សង្គ្រាមក៏កាន់តែធំដូចគ្នា”។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីដើមខែតុលា បានព្រមានអាមេរិកថា ការផ្គត់ផ្គង់មីស៊ីលចម្ងាយឆ្ងាយដល់អ៊ុយក្រែន នឹងធ្វើឱ្យខូចទំនាក់ទំនងរវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោន យ៉ាងធ្ងន់ធ្ងរបំផុត៕




Leave a Reply