ព្យុះថ្មីកំពុងឆ្ពោះទៅហ្វីលីពីន ក្រោយព្យុះទីហ្វុង Kalmaegi បង្កមហន្តរាយយ៉ាងទូលំទូលាយ

បន្ទាប់ពីព្យុះទីហ្វុង Kalmaegi ដ៏កំណាច បានវាយប្រហារហ្វីលីពីន ដែលបង្កការស្លាប់និងបាត់ខ្លួនរាប់រយនាក់ ព្រមទាំងនាំឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ អាជ្ញាធរមូលដ្ឋានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៦ តុលា) ថា ក្រុមព្យាករអាកាសធាតុព្រមានថា ព្យុះថ្មីមួយទៀតដែលមានឈ្មោះថា Fung-Wong កំពុងខិតជិតទៅដល់ប្រជុំកោះនេះ ហើយត្រូវរំពឹងថា នឹងវាយប្រហារហ្វីលីពីន នៅយប់ថ្ងៃសុក្រ ឬព្រឹកព្រលឹមថ្ងៃសៅរ៍ ខាងមុខ។

អ្នកឯកទេសអាកាសធាតុនៅសេវាបរិយាកាស ភូមិសាស្ត្រ និងតារាសាស្ត្រ (PAGASA) របស់ហ្វីលីពីន បាននិយាយថា ព្យុះ Fung-Wong ត្រូវគេប៉ាន់ប្រមាណថា មានចម្ងាយ ១.៦៦០គីឡូម៉ែត្រពីភាគឦសាននៃកោះ Mindanao ដោយមានកម្លាំងខ្យល់អតិបរមា ៧៥គីឡូម៉ែត្រក្នុងមួយម៉ោងនៅជិតចំណុចកណ្តាល ហើយខ្យល់កន្ត្រាក់រហូតដល់ ៩០គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រុមអ្នកឆ្លើយតបដំបូង កំពុងត្រៀមខ្លួនទប់ទល់ព្យុះ Fung-Wong ដែលត្រូវព្យាករថានឹងវាយប្រហារភាគកណ្តាលហ្វីលីពីន នៅចុងសប្តាហ៍នេះ ដោយបន្ថែមថា អាជ្ញាធរកំពុងត្រៀមរៀបចំសម្រាប់សេណារីយ៉ូដ៏អាក្រក់បំផុត។

ទន្ទឹមនឹងនេះ មន្រ្តីការិយាល័យការពារស៊ីវិលរបស់ហ្វីលីពីន បាននិយាយថា ចំនួនអ្នកស្លាប់ក្នុងព្យុះទីហ្វុង Kalmaegi អាចនៅតែកើនឡើង ខណៈកិច្ចប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះនៅតែបន្ត។ ជាមួយគ្នានេះ មនុស្សប្រហែល ១,៩លាននាក់ បានរងផលប៉ះពាល់ដោយព្យុះ Kalmaegi — ដែលត្រូវបានគេស្គាល់ក្នុងស្រុកថា ព្យុះទីហ្វុង Tino — ហើយអ្នកទាំងនោះកំពុងជួបការលំបាកក្នុងការទទួលបានជំនួយ ដោយបន្តស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀស ឬជាមួយមិត្តភក្តិ និងក្រុមគ្រួសារ៕