ទីក្រុងសេអ៊ូល៖ កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិក ឆ្ពោះទៅកាន់សមុទ្រខាងកើត

យោងតាមនាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានឱ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិក “មិនស្គាល់ប្រភេទ” យ៉ាងហោចណាស់ ១គ្រាប់ ឆ្ពោះទៅកាន់សមុទ្រខាងកើត (ឬហៅថា សមុទ្រជប៉ុន) នារសៀលថ្ងៃសុក្រ (៧ តុលា) នេះ ដោយពុំផ្ដល់សេចក្ដីលម្អិតបន្ថែមទៀតទេ។

ជាមួយគ្នានេះ ក្រសួងការពារជាតិជប៉ុន ក៏បានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈឆ្មាំល្បាតឆ្នេរ ដោយនិយាយថា ខ្លួនពិនិត្យឃើញការបាញ់បង្ហោះនេះ នៅវេលាម៉ោងក្នុងស្រុក ១២:២៧នាទីថ្ងៃត្រង់ ហើយបន្តិចក្រោយមក មីស៊ីលធ្លាក់ចូលក្នុងសមុទ្រនៅម៉ោង ១២:៤៥នាទី ដោយបង្ហាញថា នោះមិនមែនជាមីស៊ីលរយៈចម្ងាយឆ្ងាយទេ។

ប្រសិនបើត្រូវបានបញ្ជាក់ ការបាញ់បង្ហោះនេះនឹងក្លាយជាការបាញ់មីស៊ីលបាលីស្ទិកលើកទីពីរហើយ ក្នុងពេលថ្មីៗនេះ បន្ទាប់ពីការអះអាងរបស់ទីក្រុងព្យុងយ៉ាង នៃការសាកល្បងមីស៊ីលបាលីស្ទិកប្រភេទ “លឿនជាងសំឡេង” កាលពីថ្ងៃទី២២ ខែតុលា កន្លងទៅ ពោលគឺមុនពេលដែលកូរ៉េខាងត្បូង ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក APEC និងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ទៅកាន់ប្រទេសនេះ៕