សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរទៅគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម

នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹក ថ្ងៃព្រហស្បតិ៍​ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំមន្ត្រី នៃព្រឹទ្ធសភា អញ្ជើញ​ធ្វើដំណើរទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈឹម​បក្សកុម្មុយ​នីស្ត​វៀតណាម ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។

សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូន ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋ នៃសាធារណរដ្ឋ​សង្គម​និយមវៀតណាម ដោយចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ដែលបាន​ទទួល​មរណភាព​។

ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន គឺសម្ដេចពិតជាមានក្តីក្រៀមក្រំយ៉ាងខ្លាំង នៅពេល​បាន​ទទួល​ដំណឹងអំពីមរណភាពរបស់ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ​គណៈ​កម្មាធិការ​មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី១៩ ខែ​កក្កដា ឆ្នាំ២០២៤ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។

សម្តេចបានចាត់ទុកថា ការទទួលមរណភាពរបស់ ឯកឧត្តម Nguyen Phu Trong គឺជាការ បាត់​បង់​ដ៏​ធំធេងមិនត្រឹមតែ ចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាមប៉ុណ្ណោះទេ តែជា​ការ​បាត់​បង់​ចំពោះបក្សកុម្មុយនីស្តវៀតណាម និងប្រជាជនវៀតណាមទាំងមូល។ សមិទ្ធផលដ៏ឧត្តុងឧត្តម និង​ស្ថាដៃ​ដ៏ថ្លៃថ្លារបស់ ឯកឧត្តម នឹងត្រូវបានចងចាំ​ក្នុងដួង​ចិត្ត​របស់​ប្រជាជន​វៀតណាម​គ្រប់ៗ​រូប​ជា​រៀ​ងរហូត។

ក្នុងឱកាសប្រកដោយក្តីសង្វេគនេះ តាងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង​ប្រជាជន​កម្ពុជា​ទាំងមូល សម្តេចសូម​ចូលរួម​រំលែក​នូវ​សមានទុក្ខ​ដ៏ក្រៀមក្រំ​បំផុត​ជា​មួយ​ប្រធាន​រដ្ឋ​សភា​វៀតណាម និងជាពិសេសតាមរយៈឯកឧត្តមប្រធានរដ្ឋសភា ជាមួយក្រុមគ្រួសាររបស់ឯកឧត្តម Ngyen Phu Trong ចំពោះការបាត់បង់ដ៏ធំធេងនេះ។ សម្តេចតេជោ ក៏សូម​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់ឯកឧត្តម Ngyen Phu Trong សូមបានដល់សុគតិភពកុំបីឃ្លៀង ឃ្លាតឡើយ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *