នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu រិះគន់ក្រុមអ្នកតវ៉ាបទឈប់បាញ់នៅហ្កាហ្សា ដោយជំរុញសម្ព័ន្ធភាពសកលប្រឆាំងនឹងបណ្ដាញភេរវកម្មរបស់អ៊ីរ៉ង់

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានរិះគន់ខ្លាំងៗលើក្រុមបាតុករទាមទារឲ្យមានបទឈប់បាញ់នៅដែនដីហ្កាហ្សា កាលពីថ្ងៃពុធ ២៤ កក្កដា ហើយបានអំពាវនាវឱ្យមានសម្ព័ន្ធភាពជាសកលប្រឆាំងនឹងរបបអ៊ីរ៉ង់ ដែលលោកបានចោទប្រកាន់ថាបានផ្តល់មូលនិធិដល់ក្រុមចលនាប្រដាប់អាវុធជាច្រើននៅមជ្ឈិមបូព៌ា អំឡុងលោកថ្លែងទៅកាន់សភាអាមេរិកដែលខ្វែងគំនិតគ្នាដោយសារសង្រ្គាម។

ទីក្រុងវ៉ាស៊ីនតោន មានការព្រួយបារម្ភកាន់តែខ្លាំង ដោយសារចំនួនអ្នកស្លាប់កើតចេញពីយុទ្ធនាការរយៈពេល៩ខែរបស់អ៊ីស្រាអែល នៅក្នុងទឹកដីឆ្នេរសមុទ្រតូចចង្អៀត ហើយការតវ៉ានៅក្នុងប្រទេសអ៊ីស្រាអែល និងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសផ្សេងៗ បាននិងកំពុងបង្កើនសម្ពាធលើលោក Netanyahu ។

នាយករដ្ឋមន្ត្រីបានវាយបកក្រុមអ្នករិះគន់លើរូបលោក ក្នុងសុន្ទរកថាមួយនៅឯវិមានកាពីតូលរបស់សហរដ្ឋអាមេរិក ដោយចោទប្រកាន់ទីក្រុងតេអេរ៉ង់ពីបទផ្តល់មូលនិធិ និងជំរុញការតវ៉ាប្រឆាំងអ៊ីស្រាអែលដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយបានហៅសកម្មជនសន្តិភាពតំបន់ហ្កាហ្សាថា “មនុស្សឆ្កួតបម្រើឲ្យប្រយោជន៍របស់អ៊ីរ៉ង់”។

ខណៈនៅខាងក្រៅ ក្រុមបាតុករបានដុតរូបតំណាងរបស់លោកនៅតាមដងផ្លូវហួសពីអគារប្រវត្តិសាស្ត្រកាពីតូល លោកបានប្រាប់សមាជិកសភាថា “អាមេរិក និងអ៊ីស្រាអែល នាពេលបច្ចុប្បន្ននេះ អាចបង្កើតសម្ព័ន្ធភាពសន្តិសុខនៅមជ្ឈិមបូព៌ា ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ខ្សែបណ្ដាញអ៊ីរ៉ង់ដែលកំពុងកើនឡើង”។ លោកថា ប្រទេសទាំងអស់ដែលមានសន្តិភាពជាមួយអ៊ីស្រាអែល និងប្រទេសទាំងអស់ដែលនឹងបង្កើតសន្តិភាពជាមួយអ៊ីស្រាអែល គួរតែត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសម្ព័ន្ធភាពនេះ៕