មកស្គាល់ពីអត្តពលិកក្មេងជាងគេបំផុត ក្នុងអូឡាំពិកលើកនេះ

កុមារី Zheng Haohao ជាអត្តពលិកក្មេងជាងគេបំផុត ដែល​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​អឡាំពិក​លើកនេះ ក្នុងវ័យ១១ឆ្នាំ ១១ខែ។ ហើយអត្តពលិកចិនរូបនេះ នឹងមានឱកាស ក្លាយជាជើង​ឯក​អូឡាំពិក​ក្មេង​បំផុត។

កុមារីកីឡាស្កេតបត(skateboard ) Zheng Haohao របស់ប្រទេស​ចិន​បាន​បង្កើត​ប្រវត្តិ​សាស្ត្រ​រួច​ទៅហើយ បន្ទាប់ពីបានក្លាយជាអ្នកអូឡាំពិកក្មេងបំផុតពីប្រទេសរបស់ខ្លួនក្នុងវ័យ១១ឆ្នាំ។

យ៉ាង​នេះក្តី មិនទាន់បំបែកកំណត់ត្រាជាអត្តពលិកក្មេងបំផុតក្នុងប្រវត្តិសាស្ត្រអូឡាំពិកទេ ដោយ ១២៨​ឆ្នាំមុន ពោលក្នុងអូឡាំពិកទំនើបលើកដំបូង ឆ្នាំ១៨៩៦នៅទីក្រុងអាថែន ប្រទេសក្រិក កីឡាករ Dimitrios Loundrasរបស់ក្រិក ចូលរួមប្រកួតនៅអាយុ១០ឆ្នាំ និង២១៨ថ្ងៃ ហើយ​ឈ្នះ​ជើ​ងឯកអូឡាំពិកមេដាយសំរឹទ្ធវិញ្ញាសាក្រុមរបាស្របក្នុងកីឡាកាយសម្ព័ន្ធ។

ប៉ុន្តែ Zheng ជាអត្តពលិកក្មេងជាងគេនៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​លើកទី៣៣ នៅ​ទីក្រុង​ប៉ារីស​២០២៤នេះ ដែលចាប់ផ្តើមប្រកួតបណ្ដើរៗពីថ្ងៃពុធ ទី២៤ ខែកក្កដាលើប្រភេទ​កីឡា​មួយ​ចំនួន​។

Zheng កក់កៅអីព្រឹត្តការណ៍៤ឆ្នាំម្តងនេះ បន្ទាប់ពីទទួល​បានជោគជ័យ​ក្នុង​វគ្គជម្រុះ​នៅ​ទីក្រុង​ប៊ុយ​ដាប៉ែស ប្រទេសហុងគ្រី និងទីក្រុងសៀងហៃ ចិន។

ទន្ទឹមនឹងនេះ កីឡាការិនីវ័យក្មេងរបស់ចិនរូបនេះអាចនឹងបំបែកឯតទគ្គកម្ម ដ៏ធំមួយ​ដែល​សាង​ដោយ​កីឡាការិនី Inge Sorensenរបស់ដាណឺម៉ាក​ឈ្នះមេដាយ​សំរឹទ្ធ​ប្រភេទ​កីឡាហែល​ទឹក​ក្នុង​វិញ្ញាសា​ហែល​២០០ម៉ែត្រ(ឯក្កតជន) ក្នុងវ័យ១២ឆ្នាំ និង២៤ថ្ងៃកាលពីឆ្នាំអូឡាំពិកបែរឡាំង អាល្លឺម៉ង់ឆ្នាំ១៩៣៦ ប្រសិនបើគេក្លាយឈ្នះមេដាយ និងក្លាយជាជើងឯកអូឡាំពិកក្មេងបំផុត។

Zheng អ្នកខេត្តហ្គង់តុង ចាប់ផ្តើមជិះស្តេតបត នៅអាយុប្រាំពីរឆ្នាំ។ គេបាន​ចាប់​ផ្តើម​ហាត់​នៅ​ក្លឹប​មួ​យដែ​ល​គ្រប់គ្រងដោយ លោក Chen Wanqin ដែលជាឪពុករបស់ Chen Ye ដែល​ជា​ម្ចាស់ជើងឯកកីឡាអាស៊ី Asian Games។ Wei Naizhang អតីត គ្រូ បង្វឹក របស់ Zheng បាន និយាយ​ថាគេជាអ្នករៀនឆាប់ចេះរហ័ស ហើយមិនបោះបង់ដោយងាយឡើយ។

Zheng មានភាពក្លាហាននៅក្នុងកម្មវិធីជម្រុះអូឡាំពិកហុងគ្រីដោយធ្វើបានពិន្ទុខ្ពស់បំផុត ៧២.៦ លើសពិន្ទុជម្រុះអប្បបរមា៦៧.៣៤ក្នុងជុំចុងក្រោយ។

Zheng នឹងក្លាយជាអត្តពលិកម្នាក់ក្នុងចំណោម អត្តពលិក​ជា​ច្រើន​ដែល​ត្រូវ​តាម​ដាន​ខណៈ​ដែល​ត្រូវ​បង្ហា​ញជំនាញក្នុងអូឡាំពិកនេះ៕