កុមារី Zheng Haohao ជាអត្តពលិកក្មេងជាងគេបំផុត ដែលចូលរួមប្រកួតព្រឹត្តិការណ៍អឡាំពិកលើកនេះ ក្នុងវ័យ១១ឆ្នាំ ១១ខែ។ ហើយអត្តពលិកចិនរូបនេះ នឹងមានឱកាស ក្លាយជាជើងឯកអូឡាំពិកក្មេងបំផុត។
កុមារីកីឡាស្កេតបត(skateboard ) Zheng Haohao របស់ប្រទេសចិនបានបង្កើតប្រវត្តិសាស្ត្ររួចទៅហើយ បន្ទាប់ពីបានក្លាយជាអ្នកអូឡាំពិកក្មេងបំផុតពីប្រទេសរបស់ខ្លួនក្នុងវ័យ១១ឆ្នាំ។
យ៉ាងនេះក្តី មិនទាន់បំបែកកំណត់ត្រាជាអត្តពលិកក្មេងបំផុតក្នុងប្រវត្តិសាស្ត្រអូឡាំពិកទេ ដោយ ១២៨ឆ្នាំមុន ពោលក្នុងអូឡាំពិកទំនើបលើកដំបូង ឆ្នាំ១៨៩៦នៅទីក្រុងអាថែន ប្រទេសក្រិក កីឡាករ Dimitrios Loundrasរបស់ក្រិក ចូលរួមប្រកួតនៅអាយុ១០ឆ្នាំ និង២១៨ថ្ងៃ ហើយឈ្នះជើងឯកអូឡាំពិកមេដាយសំរឹទ្ធវិញ្ញាសាក្រុមរបាស្របក្នុងកីឡាកាយសម្ព័ន្ធ។
ប៉ុន្តែ Zheng ជាអត្តពលិកក្មេងជាងគេនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកលើកទី៣៣ នៅទីក្រុងប៉ារីស២០២៤នេះ ដែលចាប់ផ្តើមប្រកួតបណ្ដើរៗពីថ្ងៃពុធ ទី២៤ ខែកក្កដាលើប្រភេទកីឡាមួយចំនួន។
Zheng កក់កៅអីព្រឹត្តការណ៍៤ឆ្នាំម្តងនេះ បន្ទាប់ពីទទួលបានជោគជ័យក្នុងវគ្គជម្រុះនៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី និងទីក្រុងសៀងហៃ ចិន។
ទន្ទឹមនឹងនេះ កីឡាការិនីវ័យក្មេងរបស់ចិនរូបនេះអាចនឹងបំបែកឯតទគ្គកម្ម ដ៏ធំមួយដែលសាងដោយកីឡាការិនី Inge Sorensenរបស់ដាណឺម៉ាកឈ្នះមេដាយសំរឹទ្ធប្រភេទកីឡាហែលទឹកក្នុងវិញ្ញាសាហែល២០០ម៉ែត្រ(ឯក្កតជន) ក្នុងវ័យ១២ឆ្នាំ និង២៤ថ្ងៃកាលពីឆ្នាំអូឡាំពិកបែរឡាំង អាល្លឺម៉ង់ឆ្នាំ១៩៣៦ ប្រសិនបើគេក្លាយឈ្នះមេដាយ និងក្លាយជាជើងឯកអូឡាំពិកក្មេងបំផុត។
Zheng អ្នកខេត្តហ្គង់តុង ចាប់ផ្តើមជិះស្តេតបត នៅអាយុប្រាំពីរឆ្នាំ។ គេបានចាប់ផ្តើមហាត់នៅក្លឹបមួយដែលគ្រប់គ្រងដោយ លោក Chen Wanqin ដែលជាឪពុករបស់ Chen Ye ដែលជាម្ចាស់ជើងឯកកីឡាអាស៊ី Asian Games។ Wei Naizhang អតីត គ្រូ បង្វឹក របស់ Zheng បាន និយាយថាគេជាអ្នករៀនឆាប់ចេះរហ័ស ហើយមិនបោះបង់ដោយងាយឡើយ។
Zheng មានភាពក្លាហាននៅក្នុងកម្មវិធីជម្រុះអូឡាំពិកហុងគ្រីដោយធ្វើបានពិន្ទុខ្ពស់បំផុត ៧២.៦ លើសពិន្ទុជម្រុះអប្បបរមា៦៧.៣៤ក្នុងជុំចុងក្រោយ។
Zheng នឹងក្លាយជាអត្តពលិកម្នាក់ក្នុងចំណោម អត្តពលិកជាច្រើនដែលត្រូវតាមដានខណៈដែលត្រូវបង្ហាញជំនាញក្នុងអូឡាំពិកនេះ៕
Leave a Reply