មនុស្សទាំង២៦៧នាក់នៅលើនាវាចម្លងដឹកអ្នកដំណើររបស់ប្រទេសកូរ៉េខាងត្បូងដែលបានបើកកឿងនៅចុងនិរតីនៃឧបទ្វីបកូរ៉េកាលពីថ្ងៃពុធ ទី ១៩ ខែវិច្ឆិកា ត្រូវបានជួយសង្គ្រោះ ជាឧបទ្ទវហេតុមួយដែលបានរំលឹកឡើងវិញនូវការចងចាំអំពីមហន្តនាវាចម្លងដ៏ធំក្នុងឆ្នាំ២០១៤ ដែលបានបណ្តាលឲ្យមនុស្ស៣០០នាក់ស្លាប់។
ឆ្មាំល្បាតឆ្នេរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ្នកដំណើរ និងនាវិកត្រូវបាននាំចេញពីនាវាដែលរងគ្រោះ ហើយមនុស្ស២៧នាក់បានរងរបួសស្រាល។ មនុស្សភាគច្រើនត្រូវដឹកជញ្ជូនទៅកាន់ទីក្រុងឆ្នេរ Mokpo ខណៈសមាជិកនាវិក ២១ នាក់នៅតែនៅលើនាវា។
កំហុសរបស់ប្រធានក្រុមនាវា ឬមន្ត្រីបើកបរនាវា ប្រហែលជាបានបង្កឱ្យមានគ្រោះថ្នាក់នេះកើតឡើង ប៉ុន្តែឆ្មាំល្បាតឆ្នេរនឹងធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់ នេះបើយោងតាមអគ្គស្នងការរបស់អង្គភាព លោកឧត្តមសេនីយ៍ Kim Yong-jin ។
លោកប្រធានាធិបតី Lee Jae Myung បានបញ្ជាឱ្យព័ត៌មានលម្អិតនៃប្រតិបត្តិការជួយសង្គ្រោះត្រូវបានផ្សព្វផ្សាយជាសាធារណៈ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap News ។
យោងតាមឆ្មាំល្បាតឆ្នេរបានឲ្យដឹងថា នាវាចម្លងទម្ងន់ ២៦.០០០តោន ឈ្មោះ Queen Jenuvia 2 បានធ្វើដំណើរពីកោះ Jeju ទៅកាន់ទីក្រុងឆ្នេរ Mokpo។ ប្រតិបត្តិករនាវាចម្លង Seaworld Ferry ដែលមានមូលដ្ឋាននៅទីក្រុងឆ្នេរ Mokpo បានចុះបញ្ជីនាវានេះថាមានសមត្ថភាពផ្ទុកអ្នកដំណើរបាន១.០១០នាក់ ព្រមទាំងមានជាន់សម្រាប់ដាក់រថយន្តធុនធំ និងរថយន្តដឹកអ្នកដំណើរជាច្រើនគ្រឿង។

Leave a Reply