អ្នកជំនាញ៖ យន្តហោះចម្បាំង F-35 ដែលអាមេរិក គ្រោងលក់ឱ្យអារ៉ាប៊ីសាអ៊ូឌីត នឹងមិនទំនើបដូចរបស់អ៊ីស្រាអែលទេ

ក្រុមមន្ត្រីអាមេរិក និងអ្នកជំនាញខាងវិស័យការពារជាតិ បាននិយាយកាលពីថ្ងៃពុធ (១៩ វិច្ឆិកា) ថា យន្តហោះចម្បាំង F-35 ដែលអាមេរិក មានគម្រោងលក់ទៅឱ្យអារ៉ាប៊ីសាអ៊ូឌីត នឹងមានកម្រិតមុខងារទំនើបៗតិចជាងយន្តហោះដែលដំណើរការដោយអ៊ីស្រាអែល ស្របទៅតាមច្បាប់មួយរបស់អាមេរិក ដែលធានាដល់សមត្ថភាពផ្នែកយោធារបស់អ៊ីស្រាអែល ក្នុងតំបន់មជ្ឈិមបូព៌ា។

លោកប្រធានាធិបតី Donald Trump បានប្រកាសលក់យន្តហោះនៅសប្តាហ៍នេះ ប៉ុន្តែក្រុមមន្ត្រីនិយាយថា យន្តហោះអារ៉ាប៊ីសាអ៊ូឌីត នឹងខ្វះមុខងារពិសេសៗ មិនដូចជាកងយន្តហោះរបស់អ៊ីស្រាអែលនោះទេ ដែលរួមមានប្រព័ន្ធសព្វាវុធទំនើបៗ និងបំពាក់ឧបករណ៍សង្គ្រាមអេឡិចត្រូនិកជាដើម។

អ៊ីស្រាអែល ទទួលបានការអនុញ្ញាតពិសេសក្នុងការកែប្រែយន្តហោះចម្បាំង F-35 នេះឱ្យស្របតាមតម្រូវការរបស់ខ្លួន រួមទាំងសមត្ថភាពរួមបញ្ចូលប្រព័ន្ធអាវុធផ្ទាល់ខ្លួន និងបន្ថែមសមត្ថភាពទប់ស្កាត់រ៉ាដា និងការធ្វើឱ្យប្រសើរឡើងផ្សេងទៀត ដែលមិនតម្រូវឱ្យមានការយល់ព្រមពីអាមេរិកនោះទេ។ ទោះជាបែបនេះក្ដី កងទ័ពអាកាសអ៊ីស្រាអែល នៅតែជំទាស់នឹងការលក់ដែលបានគ្រោងទុកនោះ ដោយព្រមាននៅក្នុងឯកសារមួយថា ជំហាននេះនឹងធ្វើឱ្យប៉ះពាល់ដល់អំណាចដែនអាកាសរបស់អ៊ីស្រាអែល នៅក្នុងតំបន់ នេះបើតាមកាសែត The Times of Israel បានរាយការណ៍កាលពីថ្ងៃអង្គារ។

គួរឱ្យដឹងថា យន្តហោះចម្បាំង F-35 នេះ ត្រូវបានកែសម្រួលទៅតាមគោលបំណងសម្រាប់ប្រទេសនីមួយៗ និងអាកាសយានិក។ សហរដ្ឋអាមេរិក មានកំណែដែលមានសមត្ថភាពខ្ពស់បំផុត ដោយគ្រប់ប្រទេសផ្សេងទៀត ទទួលបានតែយន្តហោះចម្បាំងដែលមានសមត្ថភាពតិចជាងនេះប៉ុណ្ណោះ៕