ប៉ាឡេស្ទីន ជំរុញរដ្ឋបាលនិងសភាអាមេរិក ឲ្យដាក់សម្ពាធអ៊ីស្រាអែលឲ្យបញ្ឈប់សង្គ្រាមនៅតំបន់ហ្កាហ្សា

ទីភ្នាក់ងារព័ត៌មានផ្លូវការប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ប៉ាឡេស្ទីនកាលពីថ្ងៃពុធ បានជំរុញឲ្យរដ្ឋបាល និងសភាសហរដ្ឋអាមេរិក ដាក់សម្ពាធលើនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ឲ្យបញ្ឈប់ជម្លោះដែលកំពុងបន្ត នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

អ្នកនាំពាក្យប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក Nabil Abu Rudeineh បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាដល់ពេលសម្រាប់រដ្ឋបាល និងសភាអាមេរិក ដើម្បីប្រាប់លោក ណេតាន់យ៉ាហ៊ូថា៖«គាត់ត្រូវតែបញ្ឈប់សង្គ្រាមជាបន្ទាន់ ប្រសិនបើមានឆន្ទៈរបស់អាមេរិកពិតប្រាកដ ដើម្បីសម្រេចបានសន្តិភាព និងស្ថិរភាព នៅក្នុងតំបន់នេះ»។

សេចក្តីថ្លែងការណ៍នោះ បាននិយាយថា៖«មានឱកាសមានកំណត់ ទោះបីវានៅសល់រយៈពេលខ្លីក៏ដោយ គឺវាអាស្រ័យលើរដ្ឋបាល និងសភារបស់សហរដ្ឋអាមេរិក ក្នុងការចាប់យកវា ដើម្បីបញ្ឈប់ សង្រ្គាម»។

លោក Abu Rudeineh បានបន្ថែមថា ភាគីអាមេរិក ត្រូវតែដឹងថា ការគាំទ្ររបស់ខ្លួនសម្រាប់អ៊ីស្រាអែល ការផ្តល់អាវុធ និងប្រាក់ និងការប្រឆាំងនឹងភាពស្របច្បាប់អន្តរជាតិ ធ្វើឲ្យខ្លួនទទួលខុសត្រូវចំពោះ«ឧក្រិ ដ្ឋកម្ម» ដែលបានប្រព្រឹត្តទៅលើប្រជាជនប៉ាឡេស្ទីន។

លោក ណេតាន់យ៉ាហ៊ូ បានថ្លែងសុន្ទរកថានៅសភាអាមេរិក កាលពីថ្ងៃពុធ។ លោកបាននិយាយថា ខ្លួននឹងប្រឹងប្រែងស្វែងរក«ការគាំទ្រពីគណបក្សទាំងពីរ» ដល់អ៊ីស្រាអែល នៅឯសភាសហរដ្ឋអាមេរិក។

ដំណើរទស្សនកិច្ចរបស់លោក ធ្វើឡើង ស្របពេលមានការរិះគន់កាន់តែខ្លាំងឡើងប្រឆាំងនឹងលោក ណេតាន់យ៉ាហ៊ូ នៅក្នុងប្រទេសជុំវិញការបរាជ័យរបស់លោក ក្នុងការធានាការដោះលែងចំណាប់ថ្នូរប្រហែល ១២០នាក់ដែលនៅតែត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សា និងការបន្តនៃជម្លោះបណ្តាលឲ្យមនុស្សស្លាប់យ៉ាងច្រើន ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន។