ស្ថានទូតចិន៖ អាមេរិក មិនគួរធ្វើឲ្យខូចទំនាក់ទំនងពាណិជ្ជកម្មធម្មតារវាងចិន និងរុស្ស៊ីទេ

អ្នកនាំពាក្យស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មានTASS ថា ទីក្រុងវ៉ាស៊ីនតោន មិនគួរធ្វើឲ្យខូចទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតារវាងទីក្រុងប៉េកាំង និងទីក្រុងមូស្គូទេ។

លោក Liu Pengyu បាននិយាយថា៖«សិទ្ធិរបស់ចិនក្នុងការចូលរួមក្នុងការដោះដូរសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតាជាមួយប្រទេសទាំងអស់ រួមទាំងរុស្ស៊ី ដោយឈរលើមូលដ្ឋានសមភាព និងផលប្រយោជន៍ទៅវិញទៅមក មិនគួរត្រូវបានធ្វើឲ្យប៉ះពាល់នោះទេ» ដោយបានធ្វើការអត្ថាធិប្បាយពីការលើកឡើងរបស់អ្នកការទូតអាមេរិកម្នាក់ ដែលបាននិយាយថា ទីក្រុងប៉េកាំង បានគាំទ្រដល់ប្រតិបត្តិការយោធាពិសេសរបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន ដោយផ្តល់ជំនួយដល់ឧស្សាហកម្មការពារជាតិរុស្ស៊ី មានឥទ្ធិពលបង្កអស្ថិរភាព។ នេះបើយោងទៅតាមសហរដ្ឋអាមេរិក។

អ្នកនាំពាក្យម្នាក់ បានបន្ថែមថា ការចោទប្រកាន់របស់អាជ្ញាធរអាមេរិកអំពីការគាំទ្ររបស់ចិនដល់រោងចក្រឧស្សាហកម្មការពារជាតិរុស្ស៊ី តាមរយៈពាណិជ្ជកម្ម ពុំមានមូលដ្ឋានទេ។

លោក Liu Pengyu បានអះអាងថា៖«សហរដ្ឋអាមេរិក កំពុងបញ្ចេញសកម្មភាពផ្តល់ជំនួយសម្រាប់អ៊ុយក្រែន ខណៈពេលដែលកំពុងធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ប្រឆាំងនឹងការដោះដូរសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតារវាងចិន និងរុស្ស៊ី។

អ្នកនាំពាក្យរូបនេះ បានចង្អុលបង្ហាញថា ប្រទេសចិន តែងតែប្រកាន់យក «គោលជំហរច្បាស់លាស់ និងយុត្តិធម៌ ដោយជំរុញយ៉ាងសកម្មឲ្យមានកិច្ចចរចាសន្តិភាព និងសម្របសម្រួលដំណោះស្រាយនយោបាយ»។ លោកបានបន្តថា៖«យើងមិនស្វែងរកផលចំណេញសម្រាប់ខ្លួនឯងទេ ដោយការជំរុញភាពតានតឹងឲ្យកាន់តែកើនឡើងនោះទេ ហើយយើងក៏មិនផ្តល់អាវុធដល់ភាគីទាំងសងខាងដែរ»។